ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលឯក សួន រ៉ោន។
ព្រិន្ទបាលឯក សួន រ៉ោន គឺជាយុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រួមជាមួយនាយទាហានជាន់ខ្ពស់ទាំងអស់ បានសម្តែងនូវការសោកស្តាយជាទីបំផុត និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា ចំពោះការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងការលះបង់របស់កងយោធពលខេមរភូមិន្ទដើម្បីការពារជាតិ សន្តិភាព និងប្រជាជន៕ដោយ៖តារា