ភ្នំពេញ៖ នាឱកាសសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជាជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរួបរួមគ្នាជាសម្ព័ន្ធភាពពីបណ្ដាគណបក្សនយោបាយនានា គឺដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុល។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងទៀតថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដរាបណានយោបាយជ្រុលនិយមនៅតែកើតមាន ប្រទេសយើង [កម្ពុជា] នៅតែមានហានិភ័យ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានញ្ជាក់ថា ដូច្នេះបើមានជនណាក្រុមណាដែលធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដោយផ្ទុយពីច្បាប់នោះរាជរដ្ឋាភិបាលនឹងចាត់វិធានការតាមច្បាប់៕ដោយ៖តារា