ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការនិងនគរបាលប៉ុស្តិ៍ឃុំអូរបីជាន់ នគរបាលការពារព្រំដែនគោកលេខ៩១១បានបន្តរិតបន្តឹងចុះទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់។
ពលករខ្មែរចំនួន២៥នាក់បន្ថែមទៀតត្រូវបានឃាត់ខ្លួននិងទប់ស្កាត់ ខណៈដែលពលករខ្មែរទាំងនោះបានធ្វើដំណើរតាមរថយន្តមកចំណុចព្រំដែនក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បម្រុងដើរឆ្លងដែនតាមច្រករបៀងខុសច្បាប់ចេញទៅប្រទេសថៃ ទាំងប្រថុយប្រថាន ដើម្បីស្វែងរកការងារធ្វើជាកម្មករដាំដំឡូងនិងកាប់អំពៅ។ ការទប់ស្កាត់ពលករខ្មែរទាំងនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវសាធារណៈតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិបា្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យក្នុងរយៈពេល១ខែចុងក្រោយនេះ គេសង្កេតឃើញថាបានចេញប្រតិបត្តិការឃាត់ខ្លួនពលករខ្មែរបានចំនួន៣លើកមកហើយ សរុបជាង១០០នាក់ ទៅលើវិធានការបង្ការ ទប់ស្កាត់ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនឱ្យពលករខ្មែរធ្វើចំណាកស្រុកឆ្លងដែនខុសច្បាប់នោះទេ។ គោលបំណងចង់ឱ្យពួកគាត់ងាកទៅស្វែងរកធ្វើការងារស្របច្បាប់នោះវិញ ដើម្បីការពារអាយុជីវិតនិងផលប្រយោជន៍របស់ពលករខ្មែរ។
សេចក្តីរាយការណ៍ឱ្យដឹងថា ការឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ពីសំណាក់ពលករខ្មែរកន្លងមក មានពលករមួយចំនួនបានរងគ្រោះនូវរងការបាញ់សម្លាប់និងចាប់ដាក់គុកពីទាហានថៃ ចាញ់បោកមេខ្យល់ខ្មែរថៃ ជួញដូរកម្លាំងពលកម្ម និងបញ្ហាជិះរថយន្តគេចតាមចាប់របស់ទាហានថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ផងដែរ។
សេចក្តីរាយការណ៍ឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនោះ មានពលករខ្មែរម្នាក់គេស្គាល់ឈ្មោះ តេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានទាហានថៃបាញ់ត្រូវ២គ្រាប់ស្លាប់ក្នុងចំណោមពលករ៧នាក់ដែលលួចឆ្លងដែន ចូលទៅប្រទេសថៃលួចកាប់ឈើគ្រញូង ក្នុងភូមិសាស្រ្ត ខេត្តត្រាត ប្រទេសថៃ និងខេត្តពោធិ៍សាត់ ចំណែក៦នាក់ទៀតរត់គេចខ្លួនចូលទឹកដីខ្មែរវិញ។ មិនតែប៉ុណ្ណោះកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះដែរ ពលករខ្មែរចំនួន៣នាក់ បន្ថែមទៀតត្រូវបានទាហានថៃសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើធ្វើបង្រ្កាបឃាត់ខ្លួនខណៈដែលពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃហាមឃាត់ក្នុងទឹកដីថៃ ស្ថិតនៅចំណុចបង្គោលព្រំដែនលេខ៦៧ ក្នុងភូមិសាស្ត្រស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ។ ពលករខ្មែ៣នាក់នោះត្រូវបានសមត្ថកិច្ចថៃខេត្តច័ន្ទបុរីយកទៅអនុវត្តតាមផ្លូវច្បាប់តុលាការនោះហើយ។ សេចក្តីរាយការណ៍ឱ្យដឹងបន្តទៀតថា ការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរទៅកាប់ឈើគ្រញូងក្នុងដីថៃនោះដែរ កន្លងមកមានពលករខ្លះបានបាត់ខ្លួននិងរងការចាប់ដាក់គុកជាច្រើននាក់រួចមកហើយ ខណៈដែលទាហានថៃចុះទៅបង្រ្កាប។
ពាក់ព័ន្ធនឹងបញ្ហាបាញ់សម្លាប់ពលករខ្មែរឆ្លងដែនខុសច្បាប់នេះដែរ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយរងទីចាត់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃអគ្គមេបញ្ជាការ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយភាគីថៃក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជានៅស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ប្រទេសថៃ។ ភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តាន់សាន់ទីភុង ថាំម៉ាក់ពីយ៉ាក់ មេបញ្ជាការកងពលលេខ២ និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា។
ក្នុងកិច្ចប្រជុំនាឱកាសនោះភាគីទាំង២បានជំនួបពិភាក្សាបន្តរឹតចំណងសាមគ្គីភាពរវាងសមត្ថកិច្ចនិងប្រជាជនប្រទេសទាំង២ឲ្យកាន់តែល្អប្រសើរឡើង។ លោកឧត្តមសេនីយ៍ ទោ ពេជ្រវណ្ណា នាយរងទីចាត់ការ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃអគ្គមេបញ្ជាការ ក៏បានស្នើសុំឱ្យភាគីថៃមានការយោគយល់ដល់ពលករខ្មែរឆ្លងដែនចូលប្រទេសថៃខុសច្បាប់ ជាពិសេសទៅកាប់ឈើគ្រញូងធ្វើយ៉ាងណាមេត្តាកុំបាញ់សម្លាប់ ឬចាប់ធ្វើទារុណកម្មឲ្យសោះ បើពួកគាត់ចូលខុសច្បាប់សុំត្រឹមតែយកទៅអនុវត្តតាមផ្លូវច្បាប់។ ការស្នើសុំរបស់ភាគីកម្ពុជាលើករណីនោះក៏ត្រូវបានភាគីថៃឯកភាព និងទទួលយកផងដែរ៕
ដោយ៖ សំវិច្ឆិកា