ភ្នំពេញ៖ ម្ចាស់ហាងរតន:រចនាម៉ូដ ដែលជាប់ពាក់ព័ន្ធនឹងករណីវាយតារ៉ឺម៉កម៉ូតូបណ្តាលឲ្យបាក់ដៃ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា សម្រេចចោទប្រកាន់ជាផ្លូវការ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
មន្ត្រីតុលាការ បញ្ជាក់ថា លោកព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់ឈ្មោះ ពៅ រតនៈ ហៅប្រុស អាយុ៣០ឆ្នាំពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ» ។
បច្ចុប្បន្នសំណុំរឿងនិងជនត្រូវចោទ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក តុប ឈុនហេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំឬមិនឃុំខ្លួន ជនត្រូវចោទ ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕
ដោយ៖ ចេស្តា
...