ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មកត្រួតពិនិត្យនូវវឌ្ឍនភាព នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងដោះស្រាយប្រឈមនៅទូទាំង២៥រាជធានី-ខេត្ត លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក៏បានឆ្លៀតឱកាសដ៏មានតម្លៃជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរកិច្ចការនារី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មាននារីមកពីឃុំ-សង្កាត់ចូលរួមផងដែរ។
នាឱកាសនោះផងដែរ លោកស្រីក៏បានពាំនាំនូរការផ្តាំផ្ញើការសាកសួរសុខទុក្ខពំសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងបង្អូនជានារីទាំងអស់នៅទូទំាំងខេត្ត និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការជានារីរបស់ខេត្តឧត្តរមានជ័យទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកស្រីបន្តទៀតថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះគឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការទំនាក់ទំនងគ្នាទៅវិញទៅមក ។
លោកជំទាវស្រីជាទីបញ្ចប់លោកជំទាវក៏បានធ្វើការផ្តាំផ្ញើជូនដល់បងប្អូនស្ត្រីមានដូចតទៅ ៖
១. ត្រូវថែរក្សាសុខសន្តិភាព ធានាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ហើយជៀសឲ្យផុតពី៖ បងតូច បងធំ ការប្រើប្រាស់គ្រឿងញៀន និងការប្រើអំពើហឹង្សាក្នុងគ្រួសារ។
២. ចូលរួមការបន្តអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាល
ទី៣ របស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបានច្រើន ធ្វើឲ្យបានឆ្ងាយ និងធ្វើឲ្យបានទូលាយជាងមុន ។
៣. ត្រូវធ្វើឲ្យបានល្អនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ ។
៤. ចូលរួមក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ គឺមន្ត្រីរបស់យើងត្រូវតែសកម្មក្នុងការងារ និងលុបបំបាត់ ភាពអសកម្មនានា។
៥. ត្រូវចូលរួមក្នុងការចលនាបង្អូននៅក្នុងមូលដ្ឋាន ឲ្យទៅចូលរួមចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
៦. ត្រូវចេះណែនាំ និងទប់ស្កាត់ដល់ប្រជាពពលរដ្ឋនៅមូលដ្ឋាន ក្នុងការទៅធ្វើការចំណាកស្រុកនៅក្រៅប្រទេសដោយប្រថុយប្រថាន
៧. ត្រូវមានសាមគ្គីផ្ទៃក្នុង និងកិច្ចសហការរវាងនារីជាមួយនឹងរដ្ឋបាលខេត្ត និងបណ្តាមន្ទីរនានាជុំវិញខេត្ត។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី ចែកជូនដល់បងប្អូនស្រ្តីដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះ នូវសារុងម្នាក់ ១ និងថវិកា៤មឺុនរៀល ផងដែរ៕
ដោយ៖ សុវណ្ណារ៉ា