ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអង្គសមាជធ្វើសេចក្តីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាលក្នុងការនាំយកបញ្ហាអធិបតេយ្យជាតិនៅមុំ៣ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
នៅក្នុងឱកាសបើក «សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យន្តការដែលមានស្រាប់ត្រូវបន្តការចរចា មិនមែនបានសេចក្តីថា យើងទៅតុលាការយុត្តិធម៌អន្តរជាតិ យើងបោះបង់ចោលនូវយន្តការនៃការចរចានោះទេ ពោលគឺគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនៅបន្តការចរចា ហើយយន្តការដទៃទៀតនៅរក្សាទាំងអស់ ក៏ប៉ុន្តែយើងដាក់នេះដើម្បីបបួលភាគីថៃយកបញ្ហាទាំងប៉ុន្មាននេះទៅតុលាការយុត្តិធម៌អន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា សិង្ហបុរី និងម៉ាឡេស៊ីក៏ធ្លាប់បានបបួលគ្នាទៅតុលាការយុត្តិធម៌អន្តរជាតិដែរ ពោលគឺមិនមែនមានតែកម្ពុជាយើងនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកសម្តីមេយោធភូមិភាគ២របស់ថៃ បានស្នើកម្ពុជាដកទ័ពចម្ងាយ២០០ម៉ែត្រ ពីកន្លែងផ្ទុះអាវុធ ដែលកម្ពុជាមិនអាចធ្វើទៅបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់ប៉ះទង្គិចនៅមុំ៣ ជាកន្លែងដែលកម្ពុជា បានកាន់កាប់តាំងពី១៩៨៨មកម្ល៉េះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានបាត់បង់ទឹកដីច្រើនណាស់មកហើយក្នុងប្រវត្តិសាស្ត្រ កម្ពុជាសុំសិទ្ធិត្រឹមការពារដីដែលនៅសល់ ដោយមិនចង់បានដីនរណានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ កុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន ណែនាំទៅរាជរដ្ឋាភិបាល កុំភ្លេចយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិលើបញ្ហាព្រំដែនកម្ពុជា-ថៃ៕
ដោយ ៖ សិលា