ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ។
ក្នុងឱកាសឡើងថ្លែងបទអន្តរាគមន៍ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពាន បូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កំលាំងកងទ័ព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានភាពស្ងប់ស្ងាត់ចំពោះបញ្ហាព្រំដែន ជាមួយថៃ ទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលទាំងពីរដោះស្រាយ ដោយមិនត្រូវធ្វើសកម្មភាពជ្រុលនិយមបំផុសនូវចលនាជាតិនិយមជ្រុលដែលបង្កគ្រោះថ្នាក់នៅក្នុងសង្គមជាតិយើង។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថា ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ សូមកុំភ្លេចក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ ប្រសិនបើមានការបំពានយើងវ៉ៃទប់នៅនឹងកន្លែង ប៉ុន្ដែការទូតត្រូវតែទម្លាយទ្វារអង្គការសន្ដិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោ សង្ឃឹមថា អង្គការសន្ដិសុខអង្គការសហប្រជាជាតិ នឹងជំរុញឱ្យមានការចរចាតាមផ្លូវច្បាប់លើបញ្ហាព្រំដែនកម្ពុជា-ថៃនេះ ៕
ដោយ ៖ សិលា