ទិត្យ វិច្ឆិកា ដឹកនាំសិល្បករជាង៣០នាក់ប្រគុំតន្រ្តីរកលុយសង់សាលារៀនមួយខ្នងនៅកោះកុង

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង ទិត្យ វិច្ឆិកា នឹងដឹកនាំសិល្បករយ៉ាងហោចណាស់ប្រមាណជាង៣០នាក់ដើម្បីរួមគ្នាច្រៀង និងសម្តែងក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីមួយមានឈ្មោះថា «តន្ត្រីសប្បុរសធម៌កម្លាំងទឹកចិត្តសិល្បករខ្មែរជួយខ្មែរ» ដើម្បីស្វែងរកថវិកាយកទៅសាងសង់សាលារៀន និងស្ពាននៅតំបន់ដាច់ស្រយាលមួយនៅខេត្តកោះកុង។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងសន្និសីទនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នាភោជនីយដ្ឋាន Jet’s Star។

លោក ទិត្យ វិច្ឆិកា ឲ្យដឹងថា រូបលោក និងតារាចម្រៀង តារាសម្តែង តារាកំប្លែងខ្មែរមួយចំនួនដែលស្រលាញ់ចូលចិត្តសកម្មភាពសប្បុរសធម៌បាននាំគ្នារៀបចំកម្មវិធីប្រគុំតន្ត្រី និងតាំងពិព័រណ៍មួយដែលមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបុរី ញូថោន (អូដឹម) ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដើម្បីរៃអង្គាសប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារយកទៅធ្វើសាលារៀនមួយខ្នង៤បន្ទប់ បន្ទប់ទឹក២ និងស្ពានឆ្លងអូរប្រវែង៣០ម៉ែត្រ គឺសាលបឋមសិក្សាឧបសម្ព័ន្ធអូរកី នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។

លោកបន្តថា ដោយសារសាលានៅតំបន់ដាច់ស្រយាលដូចនេះការផ្តួចផ្តើមគំនិតនេះឡើងដោយសារតែរូបលោកបានទៅដល់ទីតាំងខាងលើបានជួបប្រជាជន និងកុមារាកុមារីដែលមានជីវភាពខ្វះខាត និងត្រូវការសាលារៀនមួយខ្នងដើម្បីបានសិក្សានៅបឋមសិក្សា ឧបសម្ព័ន្ធទួលអូកី។

ជាងនេះទៅទៀត ប្រជាជនបានជួបទុក្ខលំបាកដោយសារតែគ្មានស្ពានឆ្លងកាត់អូរ ទើបលោកត្រូវរកថវិកាជំនួយធ្វើស្ពានជូនប្រជាជននិងសិស្សបានដើរឆ្លង។ លោកបញ្ជាក់ថា ប្រភពចំណូលសំខាន់ៗសម្រាប់គម្រោងសង់សាលារៀននេះគឺរំពឹងទៅលើសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ពិសេសបណ្តាក្រុមហ៊ុនដែលបានចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍លក់ផលិតផលដែលឧបត្ថម្ភ។

លោកបន្តទៀតថា អ្នកចូលទស្សនានឹងត្រូវបានអនុញាតិឲ្យចូលទស្សនាដោយសេរី រួមទាំងចូលទិញផលិតផលរបស់ក្រុមហ៊ុនជាច្រើន។ លោករំពឹងថា កម្មវិធីនេះនឹងទទួលបានជោគជ័យខ្ពស់ ខណៈដែលមានបណ្តាក្រុមហ៊ុន និងសប្បុរសជនមួយចំនួន ប៉ុន្តែលោកមិនមានគម្រោងក្នុងការរៀបចំកម្មវិធីបែបនេះញឹកញាប់នោះទេព្រោះតែលោកមិនចង់ឲ្យមានការលើកឡើងថា ជាអាជីវកម្ម ហើយលោកអាចនឹងរៀបចំឲ្យមានព្រឹត្តិការណ៍នេះឲ្យបានមួយឆ្នាំម្តង។

លោក ម៉ៅ រតនា អគ្គនាយកក្រុមហ៊ុន RGB Media បានបញ្ជាក់ថា RGB គឺជាក្រុមហ៊ុនដែលបង្កើតសេវាកម្ម ផលិតភាពយន្ត បទចម្រៀង ការរៀបចំកម្មវិធីប្រគុំតន្ត្រីជាដើម។ លោកបន្តថា កន្លងមកថ្មីៗនេះក្រុមហ៊ុនបានបង្កើតកម្មវិធីសប្បុរសធម៌ជាមួយសមាគមសាសនារបស់ប្រទេសកូរ៉េដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុផ្ផា។ លោកបន្តទៀតថា ការដែលលោកសម្រេចចិត្តសហការជាមួយនឹងលោក ទិត្យ វិច្ឆិកា ព្រោះតែសកម្មភាបជួយសង្គមរបស់លោកទិត្យ វិច្ឆិកា កន្លងមកបានធ្វើឲ្យក្រុមហ៊ុនលោកចាប់អារម្មណ៍។ លោកថា ក្រុមហ៊ុនមានឧបករណ៍គ្រប់គ្រាន់សម្រាប់រៀបចំកម្មវិធីប្រគុំតន្ត្រី ហើយលោក ទិត្យ វិច្ឆិកា បានដឹកនាំសិល្បករស្ម័គ្រចិត្តចូលរួម ដូចនេះមិនមានអ្វីដែលត្រូវចំណាយច្រើនទេ ហើយលោករំពឹងថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនហើយពេលនេះក្រុមហ៊ុនលោកក៏ទទួលបានការគាំទ្រពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោមការគាំទ្រពីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្រោមកិច្ចសហការរៀបចំជាមួយនឹងក្រុមហ៊ុន RGB Media ។ សិល្បករដែលនឹងមានវត្តមានក្នុងកម្មវិធីប្រគុំតន្ត្រីនេះសុទ្ធតែជាសិល្បករសិល្បការិនីល្បីឈ្មោះនៅកម្ពុជាមានដូចជាកញ្ញា មាស សុខសោភា លោក ខាត់ ជេម លោក នេនទុំ លោកអ៊ីណូ កញ្ញា ហង្ស សុជាតា  លោក ហេង ពិទូ កញ្ញា យូរី កញ្ញា អ៊ុន អាលីហ្សា លោកនៅ ស៊ីនឿន ក្រុមតារាកំប្លែងទូរទស្សន៍CTN និងសិល្បករជាច្រើនរូបទៀត៕

IMG_7323 IMG_7326 IMG_7333 IMG_7349 IMG_7362 IMG_7365 IMG_7372 IMG_7378 IMG_7390

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print