ភ្នំពេញ៖ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតពីលើផ្ទះល្វេងជាន់ទី៣ធ្លាក់មកដល់ដីស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីយុវជនរូបនោះមានទំនាស់កាប់គ្នាជាមួយមិត្តភក្តិបណ្ដាលឲ្យរបួសធ្ងន់ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង២០នាទិរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅជាប់និងផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនធ្វើអត្តឃាតខ្លួនឯងមានឈ្មោះ ព្រីង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាជាងសំណង់និងស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាងខេត្តព្រៃវែង។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ដឹកយកទៅមន្ទីរពេទ្យនោះមានឈ្មោះ នាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកឆ្ពឺ ខេត្តកំពុងឆ្ពឺ។
បើតាមសម្ដីបុរសម្នាក់ជាជាងសំណង់ និងស្នាក់នៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ឈ្មោះ ព្រីង និងឈ្មោះ នាង ជាជាងសំណង់និងស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា ហើយនៅថ្ងៃកើតហេតុពេលព្រលប់នោះពួកគេបាននាំគ្នាទៅដើរផឹកសីុជាមួយគ្នាអស់រយៈពេលជាយូ។ ក្រោយពីផឹកសីុរួចពួកគេបាននាំគ្នាត្រឡប់មកកន្លែងស្នាក់នៅវិញ តែមិនដឹងថា មានរឿងអ្វីនោះទេពួកគេទាំងពីរនាក់បានឈ្លោះគ្នា និងទាញកាំបិតកាប់គ្នាទៅវិញទៅមក ហើយឈ្មោះ ព្រីងបានកាប់ឈ្មោះ នាង ឲ្យរងរបួសជាធ្ងន់ ភ្លាមៗនោះឈ្មោះ នាង ត្រូវបានអ្នកធ្វើការ និងស្នាក់នៅជាមួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីបញ្ចូនយុវជនរងរបួសធ្ងន់ទៅមន្ទីរពេទ្យហើយ មួយសន្ទុះក្រោយមកក៏ស្រាប់តែយុវជនឈ្មោះ ព្រីង នោះបានធ្វើអត្តិឃាតលោតពីលើផ្ទះល្វេងមកដល់ដីប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។
ក្រោយមកអ្នកជិតខាងនិងអ្នកធ្វើការជាមួយបានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...