សារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថា មន្ត្រីសន្តិសុខកំពូលរបស់ទីក្រុងមូស្គូ លោក Sergei Shoigu បានទៅដល់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ ទី៤ ខែមិថុនានេះ ជាកន្លែងដែលលោកនឹងជួបពិភាក្សាគ្នា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា លោក Shoigu បានទទួលបទបញ្ជាពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យទៅកាន់ទីក្រុងព្យុងយ៉ាង។ តាមសារព័ត៌មាន RIA Novosti កិច្ចការបច្ចុប្បន្ន រួមទាំងបញ្ហាអ៊ុយក្រែន នឹងក្លាយជាប្រធានបទនៃការពិភាក្សាគ្នា។
ដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងដោយ លោក Shoigu គឺជាលើកទីពីរហើយ ក្នុងរយៈពេលតិចជាង ៣ខែ។ សម្ព័ន្ធភាពជាប្រពៃណីរុស្ស៉ី-កូរ៉េខាងជើង កាន់តែខិតជិតគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព និងអាវុធទៅគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងអ៊ុយក្រែន៕
រូបថត: Tass