ខេត្តព្រៃវែង÷ ករណីបាក់ច្រាំងទន្លេតូចកណ្ដាលយប់ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ២គ្រួសារ តែសំណាងពុំបានបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សប៉ុន្តែផ្ទះបាយ ២និងបន្ទប់ទឹកចំនួន២បានរលំបាក់ចូលទៅក្នុង ទឹក ដោយសារតែការបាក់ច្រាំងទន្លេ នៅវេលាយប់កណ្ដាលអាធ្រាត្រក្នុងពេលដែលមនុស្សម្នាកំពុងដេកលង់លក់។
ហេតុការណ៍នេះបានកើតឡើងការពារវេលាម៉ោងមួយយប់ថ្ងៃទី១ឈានចូលព្រឹកថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចក្បែវត្តព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានធ្វើឲ្យបាក់ស្រុតដីច្រាំងទន្លេអស់ប្រវែង ៣០ម៉ែត្រនិងជម្រៅ ៨ម៉ែត្រប៉ះពាល់ដល់ផ្ទះបាយប្រជាពលរដ្ឋចំនួន២ និងបន្ទប់ទឹកចំនួន២ ព្រមទាំងលិចបាត់ទូក១គ្រឿង និងម៉ាស៊ីន១ គ្រឿងផងដែរ។
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះបាក់ច្រាំងទន្លេនេះមានចំនួន៣គ្រួសារ ទី១ឈ្មោះ សាន ធា ភេទប្រុស អាយុ៥០ឆ្នាំ ខូចខាតផ្ទះ បាយ១ បន្ទប់ទឹក១ ទំហំ ៥ x ៨ម៉ែត្រ,ទី២ ឈ្មោះឌី ចេក ភេទប្រុស អាយុ ៥៣ឆ្នាំ ខូច ខាតបន្ទប់ទឹក១ និងផ្ទះបាយ១ ទំហំ ៦ x ៨ម៉ែត្រនិងទី៣ ឈ្មោះ សួន សេត ភេទប្រុស អាយុ ២៩ ឆ្នាំ លិចបាត់ទូកជ័រ១ និងម៉ាស៊ីន១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងហេតុការណ៍បាក់ច្រាំងទន្លេ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋភ្លាម អាជ្ញាធរឃុំ-ស្រុក ព្រមទាំងសមត្ថកិច្ច ក៏បានចុះទៅពិនិត្យនិងជួយអន្តរាគមន៍ភ្លាមៗ ហើយខាងអនុសាខាកាកបាទក្រហមស្រុកពាមរក៍ ក៏ បាននាំយកជំនួយមនុស្សធម៌ ដែលមានទាំងសម្ភារៈប្រើ ប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ជនរងគ្រោះទាំង៣គ្រួសារផងដែរ។
ចំណែកប្រជាពលរដ្ឋដែលរងគ្រោះទាំង៣គ្រួសារបានបញ្ជាក់ថា គ្រោះបាក់ច្រាំងទន្លេលើកនេះធ្វើឲ្យពួកគាត់រងការខូចខាតទ្រព្យសម្បត្តិអស់ច្រើន ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់កាន់តែព្រួយបារម្ភទៀតនោះ គឺរដូវទឹកជំនន់ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ពួកគាត់ព្រួយ បារម្ភ ខ្លាចផ្ទះសម្បែងរបស់ពួកគាត់ អាចនឹងមានការបាក់ស្រុតបន្តទៀត។ រីឯអាជ្ញាធរ បានណែនាំឲ្យពួកគាត់រុះរើផ្លាស់ប្ដូរទីលំនៅដែរ ប៉ុន្តែពួកគាត់គ្មានលទ្ធភាព គឺគ្មានដីកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានថ្មីឡើយ៕