ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតា នៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះ។
សម្ដេចតេជោផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដី ជាពិសេស គឺរដ្ឋមន្រ្ដីមុខងារសាធារណៈ ចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដោយសម្ដេចបានផ្ដល់អនុសាសន៍ថា គួរតែមានការកំណត់កូតាផ្ដល់អាទិភាពដល់ការជ្រើសរើសស្រ្ដីក្នុងចំណោម ១០០ភាគរយ គួរតែផ្ដល់កូតាដល់ស្រ្ដីយ៉ាងតិចបំផុត ៥០ភាគរយ ៕
ដោយ ៖ សិលា