ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទជាង១០០គ្រឿង នៅក្រុមហ៊ុនកាស៊ីណូ “ហ្គោលដិន”បានសម្រេចហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់ត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៣ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ នៅក្រុមហ៊ុនកាស៊ីណូ “ហ្គោលដិន” ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កើតមានករណីលួចទូរស័ព្ទដោយជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។ សម្ភារៈបាត់បង់រួមមាន៖ iPhone 8 ចំនួន ១២០គ្រឿង និង iPhone X ចំនួន ២០គ្រឿង ។
ក្រោយពេលកើតហេតុ ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ហើយកម្លាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច រុន នៅថ្ងៃទី២៨ ខែឧសភា វេលាម៉ោង១៩និង៣០នាទី ។
គួរបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា មានពាក់ព័ន្ធក្នុងករណីនេះ និងបានទទួលប្រាក់ ១៨០,០០០រៀល ពីបុរសឈ្មោះ “តាហុក” ដោយបញ្ជាឲ្យស្ងៀម ។ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យផ្សេងទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីដំណើរការតាមច្បាប់ ៕ដោយ៖តារា