ភ្នំពេញ ៖ ព្រះរាជសុន្ទរកថា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក
ក្រោមប្រធានបទ៖ ” ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥
– សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាទីរាប់អានដ៏ខ្ពង់ខ្ពស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាទីស្រឡាញ់រាប់អានដ៏ខ្ពង់ខ្ពស់
សម្តេច ឯកឧត្តម ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ សម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ ក្សត្រិយ៍ អ្នកម្នាង និងព្រះរាជវង្សានុវង្ស ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– ឯកឧត្តម ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
– លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង បង ប្អូន និងជនរួមជាតិទាំងអស់ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងនឹករលឹកដ៏ជ្រាលជ្រៅ បំផុត
ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមប្រារព្ធពិធី “ទិវា បរិស្ថានជាតិ និង់បរិស្ថានពិភពលោក” ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖” ប្រយុទ្ធប្រឆាំងការបំពុល ដោយប្លាស្ទិក” ដ៏មានអត្ថន័យ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិក នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញដ៏ស្រស់បំព្រងនេះ ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមនាំមកនូវព្រះរាជទានសេចក្តីនឹករលឹក និងព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីរាប់អានដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរបវរមហា ប្រសើរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកថ្វាយ-ប្រគេន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេច ព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងថ្វាយ-ជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកម្នាង និងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិ ទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានសុភមង្គលគ្រប់ប្រការតរៀងទៅ ។
ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រី រាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានកន្លងមក សំដៅធានាបានការការពារ និងការ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន ក្នុងព្រះរាជាណាចក្រកម្ពុជានៃយើង ។
– សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
សម្តេច ព្រះអង្គម្ចាស់ ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រិយមិត្ត បរទេស និងបងប្អូនជនរួមជាតិទាំងអស់ ជាទីមេត្រី
មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា ។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏ត រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ។
ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក ។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។
ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវព្រះរាជហឫទ័យរីករាយជាអនេក និង សូមអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ជាតិយើង ។
ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជា ការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ។ ការដោះស្រាយបញ្ហានេះ មិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក ” កម្ពុជាស្អាត ខ្មែរធ្វើបាន ” ។
ខ្ញុំព្រះករុណា ខ្ញុំ សូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការដៃគូ អភិវឌ្ឍន៍ជាតិនិងអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដែលបានចូលរួមដល់ កិច្ចការពារ និងអភិរក្សបរិស្ថាន និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងបរិស្ថាន សម្រេចបាន ហើយសូមលើកទឹកចិត្តថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថាន ដែលបាន យកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរជាមួយក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនាយើងនេះ ប្រកបដោយជោគជ័យ ។
ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឱ្យទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ស្ថិតក្នុងបេះដូង ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការ គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតា រក្សាព្រះមហាស្វេតច្ឆត្រ ព្រះទសបារមី និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមថ្វាយ-ប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រសិទ្ធពរជ័យ ថ្វាយ-ជូន សម្តេច ព្រះអង្គម្ចាស់ ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ប្រិយមិត្តបរទេស និងជន រួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕
ដោយ ៖ សិលា