ភ្នំពេញ ៖ ករណីតំបន់រសើបទាំង៤ (មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅ តុលាការ ICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែងនិងភាពជាអ្នកជិតខាងល្អ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសដែលចាក់ឫសក្នុង សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេសជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង។
ការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើងតាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែនទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ។
កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ ៕
ដោយ ៖ សិលា