ខេត្តកំពង់ឆ្នាំង ៖ រថយន្តដឹកទំនិញ១គ្រឿបានជ្រុលទៅបុករបងការិយាល័យតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបាក់ខ្ទេចគ្មានសល់ បន្ទាប់ពីរថយន្តនេះបានបើកគេច និងម៉ូតូ១គ្រឿងដែលមានឌុបកូនក្មេងម្នាក់ ឆ្លងផ្លូវមុខសាលាខេត្តកំពង់ឆ្នាំង ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២៥នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវបែកជា៥ មុខសាលាខេត្តកំពង់ឆ្នាំង ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងឲ្យដឹងថា ស្រ្តីជាអ្នកបើកបរម៉ូតូនេះមានឈ្មោះ ស្រី ចេ អាយុ៣៨ឆ្នាំ និងដឹកកូនប្រុសអាយុ១ខួបម្នាក់ រស់នៅភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ជិះម៉ូតូម៉ាកហ្ស៊ុយស៊ុយគី Lets ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1A-4095 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដែលជាផ្លូវបញ្ច្រាស់ និង ហាមឃាត់ ។ លុះមកដល់ចំណុចកើតហេតុក៏មានរយន្តកាម៉ាស់១គ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 3A-0841 បានបើកបរមកពីលិចទៅកើត ដល់ចំណុចកើតហេតុក៏ឃើញម៉ូតូមកដល់គៀកនិងរថយន្តក៏បួងចង្កូតគេចរួចហើយបានជ្រុលទៅបុករបងការិយាល័យអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បាក់រលំដួលខ្ទេចអស់រលីងតែម្តង ចំពោះស្រ្តីអ្នកបើបម៉ូតូបានដួលរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាប់យកម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅក្នុងអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីឲ្យភាគីទាំងពីរនាក់សម្របសម្រួលគ្នាចេញថ្លៃជួសជុលធ្វើរបងនោះឡើងវិញ ៕
ដោយ៖ ចន្ថា