ភ្នំពេញ ៖ សមត្ថកិច្ចបាននាំខ្លួនកូនអកតញូម្នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញបន្ទាប់ពីរូបគេបានផឹកសុីស្រវឹងហើយរករឿងវាយកម្ទេចចានឆ្នាំងក្នុងផ្ទះថែមទាំងរកវាយឪពុកបង្កើតទៀត។
ករណីនេះបានកើតឡើងកាលពីម៉ោង២និង១០នាទីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះលេខច៣ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
កូនអកតញូនោះឈ្មោះ មាន សុភ័ត្ត្រ ហៅប៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខច៣ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
តាមសំដីបុរសឈ្មោះ ចឹក ថា អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបានឲ្យដឹងថា កូនគាត់នេះកន្លងមកឲ្យតែគេផឹកស្រាចូលខ្លួនហើយគឺដូចជាកំរោលអញ្ចឹង ហើយគាត់ក៏ធ្លាប់ត្រូវកូនអកតញូនេះវាយបែកក្បាល៣ទៅ៤លើកមកហើយដែរ តែដោយសារគាត់នឹកឃើញថា ជាកូនទើបគាត់មិនប្តឹងប្តល់អ្វីទេ។
តាមសំដីស្ត្រីឈ្មោះ ប្រក់ សុផល អាយុ៥៦ឆ្នាំ ដែលត្រូវជាម្តាយបានឲ្យដឹងថា កូនគាត់នេះឲ្យតែបានផឹកសីុស្រវឹងតែងតែមករករឿងឪពុកម្តាយដោយវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរាល់តែលើក ប៉ុន្តែបើមិនផឹកស្រាទេគឺល្អ និងទៅធ្វើការងារជារធម្មតា។
ក្រោយពីសមត្ថកិច្ចនាំខ្លួនកូនប្រុសអកតញូមកដល់ប៉ុស្តិ៍នគរបាលឃ្មួញ រួចឪពុកម្តាយក៏បានសំណូមពរដល់សមត្ថកិច្ចថា គ្រាន់តែអប់រំបានហើយដោយពួកគាត់ពុំបានប្តឹងផ្តល់អ្វីទេ និងសុំឲ្យសមត្ថកិច្ចធ្វើការណែនាំដោយឲ្យធ្វើកិច្ចសន្យាជាលាយល័ក្ខជាអក្សរនិងផ្តិតមេដៃថ្ងៃក្រោយផឹកសីុស្រវឹងកុំឲ្យធ្វើអំពើដូចខាងលើទៀត បើមិនរៀងចាលទេសូមឲ្យសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់ចុះ។ សមត្ថកិច្ចបានឲ្យលត់ជង្គង់ធ្វើការសំពះសុំទោសឪពុកម្តាយនៅមុខសមត្ថកិច្ចទើបឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ តុង សីហា
...