តុលាការចេញដីកាឃុំខ្លួនចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ក្លែងឯកសារសាធារណ:

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា ចេញដីកាបង្គាប់ឱ្យឃុំខ្លួនចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់ក្លែងឯកសារសាធារណ: ។

ជនត្រូវចោទឈ្មោះ ឌឿន ឆាន ភេទប្រុស កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ សាសនា ព្រះពុទ្ធ មុខរបរចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ទីកន្លែងកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង អាសយដ្ឋានមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ០១៦ ផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុក ឈ្មោះ មឿក ជាក (ស្លាប់) ម្តាយឈ្មោះ ខ្លួន យួង (ស្លាប់) ប្រពន្ធឈ្មោះ សេង ស៊ីណា មានកូនចំនួន០៣នាក់ ទោសពីមុនគ្មាន ។

ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ក្លែងបន្លំ និងបទ ប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមមាត្រា ៦២៦, មាត្រា ៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា ៖ ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ ៖
១.ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ឌឿន ឆាន ភេទប្រុស កើតនៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ ទៅមណ្ឌលអប់រំកែប្រែទី១ (ម) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។

២.ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម.) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

៣.ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះ ត្រូវបានបង្ហាញក្នុង ករណីចាំបាច់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print