ខេត្តស្ទឹងត្រែង៖ ជនល្មើសម្នាក់ ក្នុងចំណោមបីនាក់ ដែលបានព្រួតគ្នាប្រើហិង្សាទៅលើក្រុមមន្ត្រីជលផល ខណៈចុះបង្ក្រាបបទល្មើសជលផល ក្នុងតំបន់ដែនអភិរក្ស ស្រុកសៀមបូក ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ នេះបើយោងតាមការឱ្យដឹងពី លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
លោក ស្រី សមវិចិត្រ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមអ្នកនេសាទចំនួន ៣ នាក់ បាននាំគ្នាយកច្រវ៉ាទូកវាយមកលើកមន្ត្រីជលផល ខណៈពេលដែលក្រុមមន្ត្រីជលផលទាំងនោះបានចុះទៅបង្រ្កាបអ្នកនេសាទ ដែលកំពុងលួចឆក់ត្រីក្នុងតំបន់ ហាមឃាត់ការនេសាទត្រីគ្រប់រូបភាព ព្រោះជាតំបន់ដែលសត្វផ្សោតរស់នៅ។
លោក ស្រី សមវិចិត្រ បានបន្តថា ការប្រវ៉ាយប្រតប់គ្នា បានធ្វើឲ្យទូកចំនួន ២គ្រឿងលិចបាត់ក្នុងទន្លេ និងចាប់បានអ្នកនេសាទម្នាក់ ចំណែក២នាក់បានរត់រួចខ្លួន ខណៈដែលកំពុងធ្វើការប្រវ៉ាយប្រតប់គ្នានោះ។
ចំពោះជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានឈ្មោះ លឿន ខាន ភេទប្រុស នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតបានគ្រឿងញៀន១កញ្ចប់តូច ទូកឈើចំនួន ១គ្រឿង ប្រវែង ៧ម៉ែត្រ ម៉ាស៊ីនម៉ាកHyundai កម្លាំង ១៨សេស ចំនួន ១គ្រឿង(ធ្លាក់ចូលទន្លេ) អាគុយចំនួន១គ្រឿង(ធ្លាក់ចូល ទន្លេ)ក្បាលឆក់១គ្រឿង(ធ្លាក់ចូលទន្លេ)ថ្នងសម្រាប់ដួស ត្រីចំនួន ១គ្រឿង គ្រាប់កាំភ្លើងកែច្នៃចំនួន ១៤គ្រាប់ ខ្សែនកាបប្រវែង៥ម៉ែត្រនិងខ្សែភ្លើងប្រវែង១០ម៉ែត្រត្រីចម្រុះ ប្រមាណ១០គីឡូក្រាម(សល់ពីលិចនិងអណ្ដែតទឹក)។
យោងតាម មាត្រា២០ ចំណុច ១ នៃច្បាប់ស្តីពីជលផលដែលប្រកាសឲ្យប្រើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោស តាមមាត្រា៩៨ ចំណុច៤ នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕