ជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់​ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីហិង្សាលើមន្ត្រីជលផល ចុះបង្ក្រាបបទ ល្មើសនេសាទ​ នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖​ ជនល្មើសម្នាក់ ក្នុងចំណោមបីនាក់ ដែលបានព្រួតគ្នាប្រើហិង្សាទៅលើក្រុមមន្ត្រីជលផល ខណៈចុះបង្ក្រាបបទល្មើសជលផល ក្នុងតំបន់ដែនអភិរក្ស ស្រុកសៀមបូក ត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ដើម្បីឃុំខ្លួនបណ្តោះអាសន្ន។ នេះបើយោងតាមការឱ្យដឹងពី​ លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផល នៅថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ២០២៥។

លោក ស្រី សមវិចិត្រ បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៥ មានក្រុមអ្នកនេសាទចំនួន​ ៣ នាក់ បាននាំគ្នាយកច្រវ៉ាទូកវាយមកលើកមន្ត្រីជលផល ខណៈពេលដែលក្រុមមន្ត្រីជលផលទាំងនោះបានចុះទៅបង្រ្កាបអ្នកនេសាទ ដែលកំពុងលួចឆក់ត្រីក្នុងតំបន់ ហាមឃាត់ការនេសាទត្រីគ្រប់រូបភាព ព្រោះជាតំបន់ដែលសត្វផ្សោតរស់នៅ។

លោក ស្រី សមវិចិត្រ បានបន្តថា ការប្រវ៉ាយប្រតប់គ្នា បានធ្វើឲ្យទូកចំនួន​ ២គ្រឿងលិចបាត់ក្នុងទន្លេ និងចាប់បានអ្នកនេសាទម្នាក់ ចំណែក២នាក់បានរត់រួចខ្លួន ខណៈដែលកំពុងធ្វើការប្រវ៉ាយប្រតប់គ្នានោះ។

ចំពោះជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានឈ្មោះ លឿន​ ខាន ភេទប្រុស នៅភូមិកាំងក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតបានគ្រឿងញៀន១កញ្ចប់តូច ទូកឈើចំនួន​ ១គ្រឿង ប្រវែង ៧ម៉ែត្រ ម៉ាស៊ីនម៉ាកHyundai​ កម្លាំង ១៨សេស ចំនួន​ ១គ្រឿង(ធ្លាក់ចូលទន្លេ) អាគុយចំនួន១គ្រឿង(ធ្លាក់ចូល ទន្លេ)ក្បាលឆក់១គ្រឿង(ធ្លាក់ចូលទន្លេ)ថ្នងសម្រាប់ដួស ត្រីចំនួន​ ១គ្រឿង គ្រាប់កាំភ្លើងកែច្នៃចំនួន​ ១៤គ្រាប់ ខ្សែនកាបប្រវែង៥ម៉ែត្រនិងខ្សែភ្លើងប្រវែង១០ម៉ែត្រត្រីចម្រុះ ប្រមាណ១០គីឡូក្រាម(សល់ពីលិចនិងអណ្ដែតទឹក)។

យោងតាម មាត្រា២០​ ចំណុច​ ១ នៃច្បាប់ស្តីពីជលផលដែលប្រកាសឲ្យប្រើនៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០០៦ នឹងត្រូវផ្តន្ទាទោស តាមមាត្រា៩៨ ចំណុច៤ នៃច្បាប់ស្តីពីជលផល ដោយត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print