ខេត្តតាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់មនុស្សនៅស្រុកសំរោង ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដតាកែវ សហការណ៍ជាមួយកំម្លាំងនគរបាលខេត្ដរតនៈគីរី បំបែកបានហើយ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្ដើមឡើងចេញពីរឿងគំនុំ។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ព្រឿង រ៉ា ហៅហ៊ុយ ភេទប្រុស អាយុ ២៩ឆ្នាំ ដែលជាឃាតករកាប់សម្លាប់មនុស្ស នៅស្រុកសំរោង ខេត្ដតាកែវ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដរតនៈគីរី ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅចំនុចភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង បន្ទាប់ពីរូបគេធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះឈ្មោះ ហឿន សីហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានរត់គេចទៅសម្ងំលាក់ខ្លួនបានរយៈពេល ៤ថ្ងៃ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ករណីនេះផ្ដើមចេញពីរឿងគំនុំ«ខឹងរឿងជនរងគ្រោះធ្លាប់វៃគេ ក៏កើតមានចិត្តគុំក្នុងចិត្តថានឹងកាប់សម្លាប់សងសឹកវិញអោយបាន»៕ដោយ៖តារា