នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អុីរ៉ង់បានផ្សាយថា កងកម្លាំងអាកាសអុីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសទៅលើគោលដៅសំខាន់ៗរបស់អុីរ៉ង់ រួមទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz នៅកណ្តាលប្រទេសអុីរ៉ង់ ដែលបានសម្លាប់មេដឹកនាំយោធាជាច្រើននាក់។
ទូរទស្សន៍អុីរ៉ង់បានបញ្ជាក់ថា រោងចក្រ Natanz “ត្រូវបានគេវាយប្រហារជាច្រើនលើក” ហើយបានផ្សាយរូបភាពនៃផ្សែងខ្មៅយ៉ាងក្រាស់ហុយចេញពីតំបន់នោះ។
ក្នុងពេលជាមួយគ្នានោះ ទូរទស្សន៍រដ្ឋអុីរ៉ង់ IRIB បាននិយាយថា មន្ត្រីយោធាជាន់ខ្ពស់ និងនុយក្លេអ៊ែររបស់ប្រទេសជាច្រើន ប្រហែលជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅក្នុងរដ្ឋធានី Tehran ។ ក្នុងចំណោមនោះ មានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) លោក Hossein Salami មេបញ្ជាការ IRGC Khatam al-Anbiya Center Gholamali Rashid អ្នករូបវិទ្យានុយក្លេអ៊ែរ Mohammad Mehdi Tehranchi និងជាអតីតនាយកអង្គការថាមពលអាតូមិកអុីរ៉ង់ Fereydoon Abbasi ។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអុីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានបញ្ចប់ដំណាក់កាលដំបូងនៃយុទ្ធនាការរបស់ខ្លួន ដើម្បីវាយប្រហារគោលដៅយោធាដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់។ នាយករដ្ឋមន្ត្រីអុិស្រាអែល Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ដើម្បីពិភាក្សាអំពីស្ថានភាព ហើយបាននិយាយថា យុទ្ធនាការនេះនឹងបន្តរហូតដល់គោលដៅដែលបានកំណត់ត្រូវបានបញ្ចប់។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការវាយតម្លៃរបស់អគ្គមេបញ្ជាការកងទ័ពអុីស្រាអែល ឧត្តមសេនីយ៍ឯក Eyal Zamir ដំណាក់កាលដំបូងនៃការវាយប្រហារលើអុីរ៉ង់ប្រហែលជាមិន “ជោគជ័យទាំងស្រុង” នោះទេ។ លោកបានព្រមានប្រជាជនឲ្យត្រៀមខ្លួនសម្រាប់ការឆ្លើយតបដ៏មានសក្តានុពលពីក្រុងតេអេរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ CNN ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ Danny Danon បាននិយាយថា អុីស្រាអែលកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែការវាយប្រហារលើអុីរ៉ង់កាលពីយប់មិញ គឺជា “ការសម្រេចចិត្តឯករាជ្យ” របស់រដ្ឋាភិបាលអុីស្រាអែលទាំងស្រុង៕ ដោយធីរីណា
រូបថត: Dearborn