អន្តរជាតិ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះបានឱ្យដឹងថា ៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ជាច្រើនបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បន្តថា ៖ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ដូច្នេះថា «ឧត្តមសេនីយ៍លោក Hossein Salami ដែលជាប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានពលីនៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់»។ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Mehr ក៏បានរាយការណ៍ដូចគ្នានេះដែរ។
សូមបញ្ជាក់ថា ៖ សង្រ្គាមកាន់តែរីកធំ អ៊ីស្រាអែលបើកការវាយប្រហារចូលអ៊ីរ៉ង់ឈ្មោះប្រតិបត្តិការងើបឡើងវិញនៃតោកំណាច។ នេះបើយោងតាមប្រភព ពីCBS NEWS នៅថ្ងៃនេះផងដែរ ៕
ដោយ ៖ សិលា