ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ដង្កោ និងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥នេះ បានបញ្ចូនជនសង្ស័យ០២នាក់ឲ្យទៅកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធ ករណី លួចមានស្ថានទម្ងន់ទោសដោយសារកាគាស់ទម្លុះទម្លាយ (ប្រើដង្កាប់គៀបហែកសង័្កសីឆ្កិះគន្លឹះបង្អួច លួចយកសម្ភារ:ក្នុងឃ្លាំង) កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។និងករណី លួច (ផ្លាកលេខរថយន្ត) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាពេលកន្លងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ លី សារី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកត្រី ស្នាក់នៅ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឯជនសង្ស័យទី២ ឈ្មោះ ពៅ សែប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ ឃាត់ខ្លួននៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីធ្វើការសាកសួរទៅលេីជនសង្ស័យទាំង០២នាក់ខាងលេីរួចរាល់ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលព្រៃវែង និងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ ក៏បានបញ្ចូនជនសង្ស័យមកកាន់នគរបាលជំនាញផ្នែកព្រហ្មខណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ