លោក​ ហ៊ុន​ ម៉ានី​៖​ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងកម្ពុជា និងថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ បានមានប្រសាសន៍លើកឡើងនៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ​២០១៥នេះថា​៖​ សូមគោរពជូនបងប្អូនជនរួមជាតិ​ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតានតឹងរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃបានវិវឌ្ឍឈានទៅដល់ការរុញឱ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ចដើម្បីបញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការឆ្លើយតបទៅនឹងទង្វើដ៏គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញនូវវិធានការមួយចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជនជាធំ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថាបងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រចំពោះចំណាត់ការដែលដាក់ចេញដោយរាជរដ្ឋាភិបាលនៅពេលនេះ។

លោក​ ហ៊ុន​ ម៉ានី​ បានថ្លែងបន្តថា​ យើងមិនអាចនៅស្ងៀមចំពោះការប្រមាថដែលមិនសមរម្យមកលើជាតិសាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជាមិនមែនជាប្រទេសដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិតណាស់ យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយមានការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ តែគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និងទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។

យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម ដែលមិនត្រូវបំពានជាដាច់ខាត។

...

បន្ថែមពីនេះ​ លោកឧបនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print