ទីក្រុងបាងកក ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានថ្លែងនៅថ្ងៃសុក្រថា កម្ពុជាបានយល់ច្រឡំ ហើយគិតថា រដ្ឋាភិបាលថៃ នឹងផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតនៅពេលឆាប់ៗនេះ ទៅកាន់តំបន់ខាងកម្ពុជានៃព្រំដែនថៃ-កម្ពុជា។
លោកស្រីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ព័ត៌មាននេះមិនពិតទេ ហើយបានចាត់ចែងឲ្យក្រសួងការបរទេសថៃបំភ្លឺចំពោះសមភាគីកម្ពុជា»។
ចំណុចនេះជាចម្ងល់មួយថា ៖ លោកស្រីនាយករដ្ឋមន្រ្តីថៃ ចេញមកបញ្ជាក់បែបនេះ ប្រហែលលោកស្រី ប្រដៅមិនបាន ឬមិនបានប្រដៅអ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួនហើយ ព្រោះជាអ្នកការទូតហេតុអីអ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយបែបនេះ «រដ្ឋាភិបាលថៃ នឹងផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតនៅពេលឆាប់ៗនេះ ទៅកាន់តំបន់ខាងកម្ពុជានៃព្រំដែនថៃ-កម្ពុជា»។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានចេញមកស្រែកដោយព្រមានម្តងហើយម្តងទៀតថា នឹងកាត់ផ្តាច់ភ្លើង និងប្រព័ន្ធ Intertnet នៅក្នុងប្រទេសកម្ពុជា។
ការព្រមានដោយសារដ៏គ្មានការទទួលខុសត្រូវ និងព្រហើនបែបនេះ មេដឹកនាំកំពូលរបស់កម្ពុជាទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្រ្តីសម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបវិញភ្លាមៗ និងមិនទុកយូរ នោះឡើយ ដោយបានបញ្ជូនមន្រ្តីឲ្យកាត់បណ្តាញខ្សែ Internet របស់ថៃមុនចោលតែម្តងទាំងនៅច្រកទ្វារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង។
«ថៃអ្ន កថា តែកម្ពុជាអ្នកមែន»! កម្ពុជាម៉ោងនេះ មិនមែនកម្ពុជាជិត៣០ឆ្នាំមុននោះឡើយ! ថៃអាចសម្លុតគេបាន តែថៃកុំមកសម្លុតខ្មែរ និងព្រហើនដាក់ខ្មែរតទៅទៀត! មេដឹកនាំកំពូលរបស់កម្ពុជា បានប្រកាសហើយថា កម្ពុជាអាចកំដរលេងជាមួយថៃបានទាំងអស់ទាំង «កម្លាំងទ័ព (ត្រៀមវាយបក បើសិនទាហានថៃឈ្លានពានមុន), ការទូត, នយោបាយ និងច្បាប់អន្តរជាតិ (ប្តឹងទៅ ICJ)»! ជាក់ស្តែង រម្លឹកឡើងវិញ៖ «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ឃើញទឹកស្ងប់ កុំគិតថាក្នុងទឹកគ្មានត្រី ពេល ហ៊ុន សែន មិននិយាយ កុំគិតថា ហ៊ុន សែន មិនចេះនិយាយ»។
នេះជាការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ កាលពីខែមិថុនា ឆ្នាំ២០២៤ ទៅកាន់ជនបរទេសម្នាក់ដែលចោទប្រកាន់កម្ពុជាផ្ទុយពីការពិត ៕
ដោយ ៖ សិលា