ភ្នំពេញ ៖ នៅថ្ងៃទី២ នៃកិច្ចប្រជុំគណ:កម្មការព្រំដែនចម្រុះ (JBC) បានបិទបញ្ចប់ហើយ នៅម៉ោងប្រមាណជាង ២ រសៀលថ្ងៃទី ១៥ មិថុនានេះ។ ក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មការកម្ពុជា និងថៃ បានឯកភាពគ្នាលើ កំណត់ហេតុ ចំនួន ៤ ចំណុច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ក្នុងបញ្ជាក់ថា ៖ ភាគីកម្ពុជា និងភាគីថៃបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។ មុនកិច្ចប្រជុំពេញអង្គ JBC គឺមាន កិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរ បានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
ទី១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទី២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
ទី៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
ទី៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩) ៕
ដោយ ៖ សិលា