ភ្នំពេញ ៖ គណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នាក្នុង ស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុជាផ្លូវការ នៅថ្ងៃទីអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយភាគីទាំងពីរ ឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឲ្យដឹងថា ភាគីកម្ពុជា និងភាគីថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លើកទី៦ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពិភាក្សា និងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា មុនកិច្ចប្រជុំពេញអង្គ JBC គឺមានកិច្ចប្រជុំចង្អៀតរវាងភាគីកម្ពុជា-ថៃ ដោយភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ៕
ដោយ ៖ សិលា