មហាសេដ្ឋីឥណ្ឌា Sunjay Kapur ប្រធានក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Sona Comstar បានទទួលមរណភាពហើយ ខណៈកំពុងលេងប៉ូឡូនៅចក្រភពអង់គ្លេស បន្ទាប់ពីត្រូវបានសត្វឃ្មុំហោះចូលមាត់ហើយ បានលេបវា។
បុរសមានជាងគេបំផុតរបស់ឥណ្ឌាម្នាក់គឺ Sunjay Kapur បានទទួលមរណភាពកាលពីថ្ងៃទី ១២ មិថុនា ក្នុងអាយុ ៥៣ ឆ្នាំ បន្ទាប់ពីគាំងបេះដូងពេលកំពុងលេងកីឡាប៉ូឡូដែលគាត់ចូលចិត្តនៅចក្រភពអង់គ្លេស ជាកន្លែងដែលគាត់សម្រាកជាមួយគ្រួសាររបស់គាត់។
Sona Comstar និងសមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៃប្រទេសឥណ្ឌា (ACMA) បានបញ្ជាក់ពីការស្លាប់របស់ Kapur កាលពីចុងសប្តាហ៍។ Kapur គឺជាប្រធាន Sona Comstar និងជាអតីតប្រធាន ACMA ។
The Telegraph បានដកស្រង់សម្តីសាក្សីដែលនិយាយថាពាក្យចុងក្រោយរបស់មហាសេដ្ឋីឥណ្ឌាគឺ “ខ្ញុំបានលេបអ្វីមួយ” ។ លោក Suhel Seth មិត្តភ័ក្តិ និងជាសហការីផ្នែកជំនួញរបស់ Kapur ដែលមានវត្តមាននៅទីលានប៉ូឡូបាននិយាយថា “គាត់បានស្លាប់ដោយសារគាំងបេះដូង បន្ទាប់ពីបានលេបសត្វឃ្មុំ”។
យោងតាម NYP ការលេបសត្វឃ្មុំអាចបណ្តាលឱ្យស្លាប់បាន ពីព្រោះការខាំខាងក្នុងអាចបណ្តាលឱ្យ “ហើមភ្លាមៗនៃផ្លូវដង្ហើម បណ្តាលឱ្យស្ទះផ្លូវដង្ហើម សម្ពាធឈាមថយចុះ និងគាំងបេះដូង”។
លោក Kapur ជាតារាល្បីក្នុងប្រទេសឥណ្ឌា អតីតស្វាមីរបស់តារាសម្ដែងបូលីវូដ Karisma Kapoor ។ លោកក៏ជាមិត្តជិតស្និទ្ធរបស់ព្រះអង្គម្ចាស់ William នៃប្រទេសអង់គ្លេសផងដែរ។ ពិធីបុណ្យសពរបស់លោក Kapur នឹងប្រព្រឹត្តទៅនៅទីក្រុងដេលី។
Kapur មានទ្រព្យសម្បត្តិសុទ្ធចំនួន 1.2 ពាន់លានដុល្លារនៅពេលគាត់ស្លាប់ នេះបើយោងតាមទស្សនាវដ្តី Forbes ។ Sona Comstar Group របស់គាត់មានទីស្នាក់ការនៅ Gurugram ដែលមានរោងចក្រផលិតធំចំនួន 12 និងបុគ្គលិកចំនួន 5,000 នៅទូទាំងប្រទេសឥណ្ឌា ចិន ម៉ិកស៊ិក ស៊ែប៊ី និងសហរដ្ឋអាមេរិក។
ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនីជាសកល ប្រាក់ចំណូលរបស់ក្រុមបានកើនឡើង 12% ក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ 2025 ដែលក្នុងនោះ 36% បានមកពីគ្រឿងបន្លាស់រថយន្តអគ្គិសនី៕
រូបថត: vnexpress