នៅឆ្នាំ២០២៤៖ វិស័យយានយន្តកម្ពុជា​ ទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាជិក សមាជិកានៃគណៈកម្មាធិការប្រតិបត្តិ សរុប ១១២រូប​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤ មុននឹងដាក់ឆ្លងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាពេលខាងមុខ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ ក៏ដូចជាថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តវិធានការផែនទីបង្ហាញផ្លូវប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបុរេសកម្ម ក្នុងចក្ខុវិស័យប្រែក្លាយកម្ពុជា ជា “មជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក” ចាប់តាំងពីការដាក់ចេញផែនទីបង្ហាញផ្លូវនេះនៅចុងឆ្នាំ២០២២ រហូតទទួលបាន “សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ។

ជាកិច្ចបន្ត លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. និងជាអនុប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (លេខាធិការដ្ឋាន IDP) បានធ្វើបទបង្ហាញអំពី “សាវតារ និងវឌ្ឍនភាពការងាររបស់ ក.អ.ក. ក្នុងក្របខណ្ឌជំរុញការអនុវត្តផែនទីបង្ហាញផ្លូវ” ព្រមទាំង លោក កែន ដាវីត ទីប្រឹក្សាអម ក.អ.ក. និងជាប្រធានក្រុមស្រាវជ្រាវនៃលេខាធិការដ្ឋាន IDP បានធ្វើបទបង្ហាញស្ដីពី“សេចក្ដីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤” ដែលមានការចូលរួមពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍នេះយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ។

គួរកត់សម្គាល់ផងដែរថា ក្រោយពីបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនាពេលកន្លងមក ការធ្វើពិពិធកម្មសេដ្ឋកិច្ចបានលេចចេញជាផ្លែផ្កាគួរជាទីមោទនៈ។ ជាក់ស្ដែង នៅឆ្នាំ២០២៤ វិស័យយានយន្តកម្ពុជាទទួលបានទំហំទុនប្រមាណ ៧៤៦ លានដុល្លារអាម៉េរិក ខណៈការនាំចេញបានកើនឡើងដល់ប្រមាណ១.១៤០លានដុល្លារអាមេរិក លើសផែនការសម្រាប់ឆ្នាំ២០២៧ មួយផ្នែកធំបានមកពីការវិនិយោគលើការផលិតសំបកកង់រថយន្តដែលបច្ចុប្បន្នកម្ពុជាទទួលបានគម្រោងវិនិយោគផលិតសំបកកង់រថយន្តចំនួន៧ ដែលនឹងផ្តល់ជាទីផ្សារធំសម្រាប់កៅស៊ូកម្ពុជា។ ដោយឡែក ការវិនិយោគ និងការនាំចេញក្នុងវិស័យអេឡិចត្រូនិក ក៏បានបង្ហាញនូវនិន្នាការនៃការកើនឡើង បើទោះបីជាបានថយល្បឿនបន្តិចនៅឆ្នាំ២០២៤ ដោយសារនិន្នាការគាំពារនិយមនៅក្នុងពាណិជ្ជកម្មសាកល។

...

ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបូកសរុបមតិបិទកិច្ចប្រជុំ និងលើកឡើងអំពីទិសដៅការងារបន្តរបស់គណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការផ្ដល់យោបល់ជាលាយលក្ខណ៍អក្សរលើសេចក្ដីព្រាងរបាយការណ៍ ឱ្យបានចប់សព្វគ្រប់ មុនដាក់ឆ្លង គ.ស.ហ. ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៥៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print