ភ្នំពេញ ៖ វិបស្សនាដែលមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈទូទាំងរាជធានី-ខេត្ត មានគោលបំណងផ្សព្វផ្សាយពីការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រយៈពេល ២១ខែ កន្លងមក។ ទន្ទឹមនេះផងដែរ វេទិកាវិបស្សនានេះ ជាឱកាសមួយដើម្បីស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីរៀបចំផែនការកាងារនៃការកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងកិច្ចការជំរឿនមន្រ្តីរាជការឆ្ពោះទៅខាងមុខ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងណា ឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា កាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
សូមជម្រាបថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រៀបចំប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានកិច្ចពិភាក្សាជា៤ផ្នែកធំៗសំខាន់ៗរួមមាន៖ (១)វិធានការគន្លឹះទី១៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, (២)វិធានការគន្លឹះទី២៖ ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព, (៣)វិធានការគន្លឹះទី៣៖ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព, និង (៤)ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ គ្រឹះស្ថានសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន៕
ដោយ ៖ សិលា