ក្នុងរយៈពេល​៥ខែដើមឆ្នាំនេះ! ថៃ​ កំពុង​រងការគំរាមកំហែងអ៊ិនធឺណិតសម័យ AI កើនឡើង​ដល់ជាង ១ពាន់ ករណី

ចែករំលែក៖

ថៃ៖​ បើតាមការចុះផ្សាយរបស់កាសែត The Nation​ បានចុះផ្សាយថា​៖​ ប្រទេសថៃកំពុងមើលឃើញពីកំណើននៃក្ដីបារម្ភផ្នែកសន្តិសុខអ៊ិនធឺណិត​ ដោយ​ការគំរាមកំហែងអ៊ិនធឺណិតកាន់តែកើនឡើង​ទាំងចំនួន និងភាពទំនើប ក្នុងសម័យបញ្ញាសិប្បនិម្មិត (AI) នាពេលបច្ចុប្បន្ន។

The Nation​ បាននិយាយបន្តថា​ ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតជាតិថៃ (NCSA) បានកត់ត្រា​ពី​ការគំរាមកំហែងអ៊ិនធឺណិតជាង ១ ០០០ករណី ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ​២០២៥ ខណៈពិភព​លោក​រំពឹងពីកំណើនឧក្រិដ្ឋកម្ម​អ៊ិនធឺណិត​នៅឆ្នាំនេះ ដោយ​បង្កការខាតបង់រហូតដល់ ៧ ទ្រីលាន​ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍ Cloudflare Signals បាន​បង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយក្រុមហ៊ុននេះ បានបិទផ្លូវការ​វាយប្រហារ​បែប DDoS (Distributed Denial of Service) ជាង ២០,៩ លាន​ករណី កាលពីឆ្នាំមុន​ ដោយ​កើនឡើង ៥០ ភាគរយ​។ ​ក្នុងប្រទេសថៃ ៦៣ ភាគរយ អង្គការស្ថាប័ន ​បានប្រឈមមុខនឹងការ​លួចទិន្នន័យ ​ហើយ​ជាងពាក់កណ្តាលក្នុងនោះ ត្រូវបង់ថ្លៃលោះ ដែលនេះ​បង្ហាញពីបញ្ហាធ្ងន់ធ្ងរ។

ទោះបីជារដ្ឋាភិបាលថៃ បានដាក់ឈ្មោះឆ្នាំ ២០២៥ ជា «ឆ្នាំនៃសន្តិសុខតាមអ៊ិនធឺណិត» ក្ដី ​វាច្បាស់ណាស់​ថា​ សុវត្ថិភាពតាមអ៊ិនធឺណិតមិនមែនគ្រាន់តែជាបញ្ហាផ្នែកព័ត៌មានវិទ្យាប៉ុណ្ណោះទេ ដោយ​ថ្នាក់ដឹកនាំអាជីវកម្ម ក៏ត្រូវទទួលខុសត្រូវផងដែរ។

ឥឡូវនេះ ឧក្រិដ្ឋជនតាមអ៊ិនធឺណិត​ប្រើប្រាស់ AI ដើម្បីបើកការវាយប្រហារលឿន និងឆ្លាត​ជាងមុន ដូចជាការលួចព័ត៌មានសម្រាប់ការ «Login» និងដំណើរការវាយប្រហារ DDoS ដែលប្រើ «បត» (bot) ជាដើម។ Bots ​ដំណើការ ៩៤ ភាគរយ នៃការប៉ុនប៉ង Login ដោយប្រើពាក្យសម្ងាត់ដែល​គេលួចបាន ខណៈ «AI ​បង្កើត» ត្រូវបានប្រើប្រាស់ដើម្បីបង្កើតអត្តសញ្ញាណក្លែងក្លាយ ដែលមើលទៅដូចពិតប្រាកដ។

ដើម្បីទប់ទល់ ក្រុមហ៊ុននានាត្រូវការប្រព័ន្ធការពារដែលដំណើរការដោយ AI ដូចជា ការចាប់យកការគំរាមកំហែងដោយស្វ័យប្រវត្តិ និងប្រព័ន្ធសុវត្ថិភាព​ឆ្លាតវៃ ជាដើម​។

​ក្រៅពី AI និងលក្ខខណ្ឌផ្សេងទៀត របាយការណ៍របស់ Cloudflare បាន​និយាយថា ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ក៏រួមចំណែកដល់ឧក្រិដ្ឋកម្ម​អ៊ិនធឺណិតផងដែរ ដោយ​ «ការវាយប្រហារតាមអ៊ិនធឺណិត​ឧបត្ថម្ភដោយរដ្ឋ» កំពុងរំខានដល់ឧស្សាហកម្មផ្សេងៗកាន់តែខ្លាំងឡើងៗ និងបង្ហាញពីភាពងាយរងគ្រោះសំខាន់ៗនៅក្នុងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print