ស្ត្រីជនជាតិភាគតិចម្នាក់ព្យាយាមសម្រាលកូននៅផ្ទះទីបំផុតទារកមិនគ្រប់ខែមួយរូបបាត់បង់ជីវិត

ចែករំលែក៖

ខេត្តរតនគិរី÷ស្ត្រីម្នាក់ឈឺពោះ មិនព្រមទៅមណ្ឌលសុខ ភាពបណ្ដាលឲ្យទារកមិនគ្រប់ខែ ត្រូវបានបាត់បង់ជីវិត។

ស្រ្តីជនជាតិដើមភាគតិច ឈ្មោះ កាក់ ម៉ាន រស់នៅក្នុងខេត្តរតនគិរី បានជ្រើសយកវិធីសម្រាលកូននៅផ្ទះខ្លួន ឯង ដោយពុំបានពិគ្រោះជាមួយគ្រូពេទ្យ ឬទៅសម្រាកនៅមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ។ ហេតុការណ៍សម្រាលកូនមិនគ្រប់ខែនេះ បានកើតឡើងកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិកាឡឹម ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។

អ្នកស្រី កាក់ ម៉ាន ដែលជាម្តាយរបស់ទារក បានរៀបរាប់ថា ដោយសារឈឺពោះខ្លាំង ទើបសម្រេចចិត្តសម្រាល កូននៅផ្ទះខ្លួននៅឯចម្ការ។ ប៉ុន្តែដោយសារសម្រាលកូនមិនបានសម្រេច បែរជាមានធ្លាក់ឈាមខ្លាំង ទើបប្តីរបស់អ្នកស្រីបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព ស្រុកវើនសៃ និងបន្តបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យបង្អែកខេត្ត។

ជាអកុសនៅពេលដល់មន្ទីរពេទ្យ ទោះបីជាក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងណាក្តី ទារកក្នុងផ្ទៃនោះបានបាត់បង់ជីវិតទៅហើយ។ បន្ទាប់មកទៀត ស្រ្តីជាម្តាយដែលកំពុងមានជំងឺ និងធ្លាក់ឈាមផងនោះ បានរត់ ចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមអ្នកស្រី កាក់ ម៉ាន ៖« គ្រូពេទ្យមិនទាន់ឱ្យខ្ញុំត្រឡប់មកផ្ទះវិញទេ តែដោយសារទ្រាំមិនបានចំពោះការព្យាបាលរបស់ពេទ្យទើបត្រូវមកផ្ទះវិញ ដោយមិន បានប្រាប់គ្រូពេទ្យ»។

បើតាមលិខិតបញ្ជូនរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី ស្រ្តីខាងលើចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យថ្ងៃទី ១៦​ខែមិថុនា ឆ្នាំ ២០២៥ ករណី សម្រាលកូនមិនគ្រប់ខែ ធ្លាក់ឈាមច្រើន។ ក្នុងលិខិតបញ្ជាក់ថា ការសម្រាលកូនមិនគ្រប់ខែនៅផ្ទះខ្លួនឯងរហូតទៅដល់៦ម៉ោង បណ្តាល ឱ្យកូនស្លាប់។

ចំពោះរឿងនេះ លោក សាក់ ខាំលឿន មេភូមិកាឡឹម បានសម្តែងការសោកស្តាយ និងបានប្រាប់ថា រូបគាត់តែងតែក្រើនរំឭកក្រុមគ្រួសារស្ត្រីមានផ្ទះពោះ ឲ្យទៅសម្រាក និងសម្រាលនៅមន្ទីរពេទ្យមុនពេលសម្រាល ដោយសារការធ្វើដំណើរមានចម្ងាយឆ្ងាយ និងផ្លូវមានភាពពិបាក។

ក្រោយស្រ្តីជនជាតិភាគតិច គេចពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញ លោក ហ្វឿយ បុប្ផា ប្រធានមណ្ឌលសុខភាព

ស្រុកវើនសៃ បានជំរុញឱ្យមេភូមិ និងក្រុមគ្រួសារជួយបញ្ចុះបញ្ចូលឱ្យស្រ្តីត្រឡប់ទៅមន្ទីរពេទ្យវិញ ដោយបារម្ភពីការឆ្លងមេរោគផ្សេងៗ។ ស្រ្តីជនជាតិដើមភាគតិច កាក់ ម៉ាន បញ្ជាក់ថា៖«ខ្ញុំមិនទៅពេទ្យ សុខចិត្តស្លាប់នៅផ្ទះវិញ»។

ខេត្តរតនគិរី មានជនជាតិដើមភាគតិចជាច្រើន រស់នៅប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ ជំនឿ ប្រពៃណី របស់ខ្លួននៅឡើយ។ ក្នុងនោះ ជនជាតិដើមភាគតិចមួយចំនួន ដែលរស់នៅតាមភូមិដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ពុំសូវបានចូលរួមប្រជុំ ឬ ទទួលបានការណែនាំពីការអប់រំសុខភាពនោះទេ ដោយសារជាប់រវល់មុខរបរធ្វើស្រែចម្ការ។ លើសពីនេះ ស្រ្តីជនជាតិដើមភាគតិចមួយចំនួន ជ្រើសរើសវិធីសម្រាលកូននៅផ្ទះ តាមរយៈការពឹងផ្អែកទៅលើឆ្មបភូមិជាដើម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print