ភ្នំពេញ ៖ បង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានជ្រោយចង្វារចាស់បានបាក់ទ្រេត ធ្លាក់អំពូលបែកពេញផ្លូវ ដោយសារតែរថយន្តសេរីទំនើបម៉ាកកាមេរីហាយព្រីធបើកក្នុងល្បឿនលឿនបានរេចង្កូតបុកពេញទំហឹង និងវិលជាច្រើនជុំបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនបណ្ដាលអោយអ្នកជិះក្នុងរថយន្ដឬអ្នកដំណើររងរបួសនោះទេ។ .
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបម៉ាកកាមេរីហាយព្រីធ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q 2353 បើកក្នុងល្បឿនយ៉ាងលឿនឡើងលើស្ពានជ្រោយចង្វារចាស់ ទិសពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានពេញទំហឹងបណ្តាលអោយទ្រេត ចំណែករថយន្តវិលជាច្រើនជុំដាច់កង់ខាងក្រោយ និងបង្កការខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។
ប្រភពបានបន្តថាក្រោយពីបង្កហេតុម្ចាស់រថយន្ដបង្កបានបើកទ្វាររថយន្ដហើយគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយបានសហការណ៍ជាមួយកម្លាំងជំនាញចុះមកធ្វើវាស់វែង និងស្ទូចយករថយន្តដែលខូចខាតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ដោយៈ ព្រែក ជ័យ