ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប, លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ លោកបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ លោកបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះលោករដ្ឋមន្ត្រី និងគណប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតី និង លោក Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជេីងហោះហេីរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។
ក្រៅពីនេះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕
ដោយ៖ស តារា