ហ៊្សេរុយសាឡិម ៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ បាននិយាយថា មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei លែងអាចអនុញ្ញាតឱ្យនៅរស់រានមានជីវិតតទៀតឡើយ ស្របពេលប្រទេសទាំងពីរបន្តវាយប្រយុទ្ធគ្នាយ៉ាងក្តៅគគុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយទៀតថា ៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «លោក Khamenei ប្រកាសជាចំហថា ខ្លួនចង់បំផ្លាញអ៉ីស្រាអែល។ លោកបានចេញបញ្ជាដោយផ្ទាល់ ឱ្យមានការវាយប្រហារមកលើមន្ទីរពេទ្យ។ លោកចាត់ទុកក្តីវិនាសនៃប្រទេសអ៉ីស្រាអែល ជាគោលដៅមួយ។ មនុស្សបែបនេះ មិនអាចទុកឱ្យនៅរស់ទៀតនោះទេ»។
គួរបញ្ជាក់ថា សង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ បានឈានចូលដល់ថ្ងៃទី៧ហើយ ខណៈមេដឹកនាំយោធាសំខាន់ៗ និងមនុស្សជំនិតៗរបស់លោក Khamenei ត្រូវបានសម្លាប់ជាបន្តបន្ទាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងទុកឱ្យពិភពលោកងឿងឆ្ងល់ថា តើអាមេរិកនឹងចូលរួមក្នុងសង្រ្គាមអ៉ីស្រាអែល ដែរឬយ៉ាងណានោះ បានទាមទារឱ្យអ៉ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ ហើយបានអួតអាងថា បើចង់ គឺលោក Khamenei អាចត្រូវបានសម្លាប់យ៉ាងងាយស្រួល។
បើតាមCBS News ផ្សាយថា ៖ លោកត្រាំបើកផ្លូវឱ្យមានការវាយប្រហារអ៊ីរ៉ង់ កំពុងរង់ចាំសម្រេចចិត្តចុងក្រោយ ។
ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានអនុម័ត បើកការវាយប្រហារយោធាទៅលើរោងចក្រចម្រាញ់ថាមពលប្រទេសអ៊ឺរ៉ង់ហើយ នឹងឈានទៅដូររបបដឹកនាំនៃប្រទេសនេះ។ប្រភពស៊ើបការណ៍សម្ងាត់ និង មន្ត្រីក្រសួងការពារជាតិម្នាក់បានប្រាប់ CBS News ការសម្រេចចិត្តនេះ មិនបានធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវវាយប្រហារប្រទេសនេះ និងចូលរួមយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែលជាផ្លូវការនោះទេ។
តាមសេចក្តីរាយការណ៍ពី CBS News លោកត្រាំ កំពុងថ្លឹងថ្លែងការវាយប្រហាររបស់អាម៉េរិកលើក្រុមហ៊ុន Fordo ដែលជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្រោមដី។ អ៊ីស្រាអែល មិនបានធ្វើការវាយប្រហារណាមួយលើក្រុមហ៊ុន Fordo ចាប់តាំងពីវាបានចាប់ផ្តើមទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និង គោលដៅយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។
ការបើកឱ្យមានការវាយប្រហារលើប្រទេស អ៊ឺរ៉ង់នេះ គឺធ្វើឡើងក្រោយពីលោកត្រាំ បានជំរុញឱ្យមេដឹកនាំអ៊ឺរ៉ង់ចុះចាញ់សង្គ្រាមជាមួយ អ៊ីស្រាអែល។តែការស្នើសុំពីលោកត្រាំនេះ ត្រូវបានច្រានចោលដោយមេដឹកនាំអ៊ឺរ៉ង់ ហើយបន្តបើកការវាយប្រហារជាបន្តបន្ទាប់ជាមួយប្រទេសអ៊ឺស្រាអែល៕
ដោយ ៖ សិលា