ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរក្រោយពីរៀបសែនប្រេនជាមួយគ្នានិងមានកូនស្រីម្នាក់ជាចំណងដៃបែរជាប្រពន្ធបែកចិត្តលួចបង្កេីតស្នេហ៍ជាមួយអ្នកធ្វេីការជាមួយគ្នាខណៈប្តីចេញទៅធ្វេីការបាត់បែរជាប្រពន្ធនាំប្រុសស្នេហ៍មកដល់បន្ទប់ជួលសំងំតែពីរនាក់ ស្រាប់តែប្តីមកទាន់ចាក់ចោរខាងក្រៅហៅបងប្អូនមកជួយមេីលជាក់ស្តែង បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅបន្ទប់ជួលភូមិកន្ទោកខាងជេីង សង្កាត់កន្ទោក ខណ្ឌកំបូល។
បុរសជាប្តីឈ្មោះ ផល ជំនិត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ចំណែកប្រពន្ធឈ្មោះទ្រី បូរី អាយុ២៧ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណេីតនៅខេត្តកំពង់ចាម ។ ដោយឡែកប្រុសស្នេហ៍នោះឈ្មោះសិលា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅពោធិ៍សាត់។
តាមការបំភ្លឺរបស់ភាគីខាងប្តីបានឲ្យដឹងថា ខ្លួននិងប្រពន្ធបានរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្តែមិនបានរៀបការនោះឡើយគឺគ្រាន់តែសែនព្រេនចាស់ទុំដឹងឮតែប៉ុណ្ណោះ និងពុំបានចុះអេតាសុីវិលទេ ហើយបង្កើតបានកូនស្រីម្នាក់អាយុ៤ឆ្នាំហើយដែរ ។ ពួកខ្លួនបានទុកកូនអោយម្ដាយមើលថែនៅខេត្តតាកែវ រួចបាននាំគ្នាមកធ្វើការរោងចក្រនៅក្នុងភូមិកើតហេតុ ខាងលើ ដោយខ្លួនជាកម្មកររោងចក្រកាត់ដេរ ចំណែកប្រពន្ធធ្វើការរោងចក្រផលិតអំពូលភ្លើងជាមួយប្រុសសហាយ ។
បុរសនោះបាននិយាយបន្តថា ប្រពន្ធធ្វើការវេនយប់ ចំណែកខ្លួនធ្វើការវេនថ្ងៃ ហើយខ្លួនបានសង្ស័យទៅលើប្រពន្ធរយៈពេល១អាទិត្យកន្លងមកហើយថា នាងលួចផិតប្រុសថ្មី ខ្លួនក៏បានសម្រេចចិត្តតាមដានឲ្យដឹងការពិត ។ លុះដល់ថ្ងៃកើតហេតុខ្លួនបានសុំច្បាប់រោងចក្រធ្វើការតែ១ព្រឹកប៉ុណ្ណោះ ដើម្បីចេញមកបន្ទប់ជួលតាមដានប្រពន្ធ ហើយពេលមកដល់បានគោះទ្វារហៅ មួយសន្ទុះទើបប្រពន្ធបើកទ្វារឲ្យចំណែកប្រុសសហាយរបស់ប្រពន្ធបានរត់ចូលទៅពួននៅក្នុងបន្ទប់ទឹក ។
បុរសជាប្ដីបាននិយាយទៀតថា ពេលនោះខ្លួនក៏បានយកសោកឹបទ្វារបន្ទប់ពីខាងក្រៅ រួចខលហៅតាបង្កើតរបស់ខ្លួនឲ្យទៅជួយមើលជាក់ស្ដែង ហើយខ្លួនសម្រេចចិត្តឈប់យកប្រពន្ធនេះតទៅទៀតហើយ ។ ខ្លួនបានខលប្រាប់រឿងរ៉ាវដល់ម្ដាយបង្កើតបានដឹង ហើយម្ដាយក៏ប្រាប់ថាឲ្យលែងលះដែរ គាត់មិនឲ្យយកប្រពន្ធផិតបែបនេះឡើយ ពេលនេះខ្លួនទៅស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះតាសិន រង់ចាំទៅលែងលះគ្នានៅឯស្រុកកំណើតខាងប្រពន្ធ ។
ខណៈដែលបុរសជាប្ដីសម្រេចចិត្តឈប់យក បានវេចខោអាវចាកចេញពីបន្ទប់ ស្រ្តីជាប្រពន្ធបានយំឱបជើងនិងសុំអង្វរអោយលើកលែងទោសអោយប៉ុន្តែប្ដីមិនព្រមឡើយ និងចាកចេញទៅបាត់ ។ ចំណែកបុរសដែលជាប្រុសសហាយបានប្រាប់ថា ខ្លួននិងស្រ្តីរូបនោះបានទាក់ទងស្នេហាជាមួយគ្នារយៈពេល៥ខែមកហើយ ដោយនាងប្រាប់ថាអត់មានប្ដីមានកូននោះទេ ទើបខ្លួនទាក់ទងហើយមិននឹកស្មានថាទីបំផុតមានរឿងបែបនេះសោះ ៕ដោយ៖សុខាសែនជ័យ