ថៃ៖ លោក Natthaphong Ruengpanyawut (ណាត់ថាភុង រឿងបញ្ញាវុធ) សមាជិកសភា និងជាប្រមុខបក្ស People’s Party (បក្សប្រជាជាន) របស់ប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) បានធ្វើសន្និសីទសារព័ត៌មាន នៅសភា ដើម្បីធ្វើការទាមទារជាច្រើន ដោយលោកបានអំពាវនាវឲ្យនាយករដ្ឋមន្ត្រី លោក Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ត្រូវទទួលខុសត្រូវផ្នែកនយោបាយ និងរំលាយសភា ហើយប្រគល់អំណាចជូនប្រជាពលរដ្ឋវិញ។
លោក ណាត់ថាភុង បានបញ្ជាក់ថា ស្ថានភាព បន្ទាប់ពីមានលេចធ្លាយនូវសារសំឡេងនៃការសន្ទនាតាមទូរសព្ទរបស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បាននាំឲ្យមានការបាត់បង់ទំនុកចិត្តជាសាធារណៈ។ ឃ្លីបដែលបានលេចធ្លាយនោះ រួមនឹងការដកខ្លួនចេញរបស់គណបក្ស Bhumjaithai (ភូមិចៃថៃ) ពីរដ្ឋាភិបាលផងនោះ បានបង្កើនក្ដីបារម្ភកាន់តែខ្លាំងឡើង។
លោកបានលើកឡើងថា៖ «ព្រឹត្តិការណ៍កាលពីម្សិលមិញ (១៨ មិថុនា) គឺជាឱកាសចុងក្រោយ សម្រាប់លោកស្រី Paetongtarn ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដោយបានបំផ្លាញទាំងស្រុងនូវទំនុកចិត្តរបស់សាធារណជនចំពោះសមត្ថភាពរបស់លោកស្រី ក្នុងការគ្រប់គ្រងប្រទេស»។
លោក ណាត់ថាភុង បានពន្យល់ថា ការបង្កើតរដ្ឋាភិបាលដំបូង ក្រោមការដឹកនាំរបស់បក្ស Pheu Thai (ភឿថៃ) មានពាក់ព័ន្ធនឹងការមិនធ្វើតាមការសន្យា និងកិច្ចព្រមព្រៀងឆ្លងកាត់បក្ស ដែលមិនអាចជួយដោះស្រាយបញ្ហាធំៗបាន។ លោកបានបន្ថែមថា រដ្ឋាភិបាលមិនអាចសម្រេចបានតាមការសន្យានានា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋធម្មនុញ្ញ កំណែទម្រង់យោធា និងស្ថិរភាពសេដ្ឋកិច្ចផងដែរ។ ២ឆ្នាំ ក្រោមការគ្រប់គ្រងរបស់បក្សភឿថៃ មិនបាននាំឲ្យមាននូវលទ្ធផលដូចការរំពឹងទុកនោះឡើយ។
យ៉ាងណាក្ដី ទាក់ទងនឹងបរិយាកាសនយោបាយបច្ចុប្បន្ន លោក ណាត់ថាផុង បានប្រាប់ថា ខណៈសាធារណជន អាចនឹងមិនសប្បាយចិត្ត ប៉ុន្តែការផ្តោត គួរជាការស្វែងរករដ្ឋាភិបាលស្របច្បាប់មួយ។ លោកបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ដំណោះស្រាយមិនគួរពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ឬការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីតាមមធ្យោបាយមិនស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ៕ដោយ៖តារា
ប្រភព៖BTV International