ភ្នំពេញ ៖ ស្របពេលដែលភាពតានតឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ចេះតែបន្តឡើងកម្តៅដែលផ្តើមចេញពីការប៉ះទង្គិចដោយអាវុធបង្កការឈ្លានពានដោយយោធាថៃ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់បានពលីជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់មុំ៣ កន្លងទៅ និងដោយមើលឃើញពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវព្រមៗគ្នាឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនពលករនៅប្រទេសថៃ សូមត្រឡប់មកមាតុប្រទេសវិញមុនគេបណ្តេញចេញ និងដើម្បីជៀសវាងការប្រមាថមើលងាយក៏ដូចជាដើម្បីធានាសុខសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
បន្ទាប់ពីផ្ទុះឡើងវិញនូវជម្លោះរវាងប្រទេសទាំងពីរ ដែលកើតចេញពីការវាយប្រហារមកលើទាហានការពារព្រំដែនកម្ពុជានោះ កម្ពុជា មានបំណងរក្សាសុខសន្តិភាព ប៉ុន្តែដោយភាគីថៃប្រើប្រាស់ផែនទីដែលគូសវាសជាឯកតោភាគី ហើយកម្ពុជាវិញប្រើប្រាស់ផែនទីដែលបន្សល់ទុកឱ្យដោយអាណាព្យាបាលបារាំង ធ្វើឱ្យភាគីទាំងពីរ មិនអាចរកចំណុចត្រូវគ្នាឃើញនោះទេ ទើបកម្ពុជាសម្រេចចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅតំបន់ចំនួន៤ គឺ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីដោយសន្តិវិធីនិងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ទោះបីជាបែបនេះក្តី ក៏កម្ពុជានៅតែរក្សាជំហរបន្តចរចាតាមយន្តការទ្វេភាគីជាមួយថៃតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) និងយន្តការមួយចំនួនទៀតផងដែរ។
ប៉ុន្តែសម្រាប់ភាគីយោធាថៃ គឺបានបង្ហាញជំហរមិនទៅកាន់តុលាការ ICJ ជាមួយកម្ពុជានោះទេ។ ដោយថៃបញ្ជាក់ម្តងហើយម្តងទៀតថា ចង់ដោះស្រាយត្រឹមទ្វេភាគីទៅវិញ ខណៈការប្រជុំទ្វេភាគីមួយចំនួនបានប្រព្រឹត្តទៅដោយពុំទទួលបានលទ្ធផលអ្វីជាដុំកំភួនទាល់តែសោះ លើសពីនេះ ថៃ ក៏បានធ្វើសកម្មភាពរំលោភបំពានមកលើកម្ពុជាម្តងហើយម្តងទៀត ទាំងការបិទច្រកព្រំដែនជាឯកតោភាគីដោយពុំជូនដំណឹងមកកម្ពុជា, ការគម្រាមផ្តាច់អ៊ីនធឺណេត និងអគ្គិសនី និងចល័តកំលាំងទ័ពបន្ថែមចូលមកតំបន់ព្រំដែនកាន់តែច្រើនឡើង។ អ្វីដែលគេកត់សំគាល់នោះ គឺរាល់ពេលមានជំនួប និងកិច្ចប្រជុំទ្វេភាគីម្តងៗ ភាគីថៃ មិនបានគោរពតាមការសន្យារបស់ខ្លួននោះឡើយ ពោលគឺនិយាយផ្សេងធ្វើផ្សឹង ដូច្នេះកម្ពុជា គ្មានជម្រើសអ្វីដែលល្អជាងការនាំជម្លោះរវាងប្រទេសទាំងពីរទៅកាន់តុលាការ ICJ នោះទេ។
បន្ទាប់ពីមានជម្លោះជាមួយគ្នាមក ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ហាក់មិនមានសភាពថមថយ និងបន្តឡើងកម្តៅឥតឈប់ឈរ។ ដូច្នេះហើយទើបសម្តេចតេជោ និងសម្តេចធិបតី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជា ពលករខ្មែរ វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសម្តេចទាំងពីរ យល់ឃើញថា ពួកជាតិនិយមនៅថៃអាចនឹងរើសអើង មើលងាយ និងប្រមាថដល់ពលរដ្ឋខ្មែរ ក្នុងពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះ។ សម្តេចតេជោ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំបម្រុងជាមុន និងត្រៀមទទួលយក ក៏ដូចជាដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃវិញ គឺត្រៀមសម្រួលឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរ ត្រៀមរថយន្តដឹកទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃ ការស្នាក់នៅ ហូបចុក ត្រៀមចែកស្បៀងអាហារទៀតប្រសិនបើមានតម្រូវការចាំបាច់។
សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ក៏បានបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមជួយសម្រួលជីវភាពប្រចាំថ្ងៃ ជួយស្វែងរកការងារធ្វើក្នុងស្រុក និងជួយសម្រាលបន្ទុកហិរញ្ញវត្ថុចំពោះអ្នកដែលមានជាប់បំណុលជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពផងដែរ។ ការអំពាវនាវនេះ ត្រូវបានគេមើល ឃើញថា គឺចំពេលដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់ម៉ឺនកន្លែង។ នេះបង្ហាញពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហារបស់ពលករខ្មែរដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ជារួមការអំពាវនាវឱ្យពលករខ្មែរនៅថៃ វិលត្រឡប់មកកម្ពុជាវិញ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរ ដើម្បីអាចជៀសផុតពីការប្រមាថ មើលងាយពីសំណាក់ពួកជ្រុលនិយមថៃមួយចំនួន ហើយក៏ជាសារបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយ ដើម្បីជួយអន្តរាគមន៍បងប្អូនពលករខ្មែរដែលវិលត្រឡប់មកវិញ ដើម្បីរួមសាមគ្គីគ្នាកសាងប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនជឿនលឿន ក្រោមម្លប់សុខសន្តិភាព និងសាមគ្គីឯកភាពជាតិខ្មែរដ៏រឹងមាំ។
ជាងនេះទៅទៀត កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ ពីមុនធ្លាប់ខ្វះការងារ ប៉ុន្តែឥឡូវយើងកំពុងមានតម្រូវការកម្លាំងពលកម្មច្រើន។ នេះគឺជាឱកាសល្អ ដែលបងប្អូនអាចត្រឡប់មកបំពេញការងារក្នុងស្រុក ក្រោមការជួយសម្របសម្រួលនិងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងបានរស់នៅជួបជុំបងប្អូនក្នុងប្រទេសកំណើតខ្លួនវិញបានយ៉ាងរីករាយ។ បច្ចុប្បន្នតម្លៃពលកម្មក្នុងស្រុក ក៏សមល្មមសម្រាប់ការរស់នៅផងដែរ តម្លៃទំនិញមិនខ្ពស់ពេក ហើយមានទាំងសាលារៀនសម្រាប់កូនៗ
និងមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺក៏ល្អប្រសើរមិនចាញ់ប្រទេសជិតខាងឡើយ។
ក្រៅពីនេះរាជរដ្ឋាភិបាលមានកម្មវិធីនយោបាយ ដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រក្នុងកម្រិតខ្ពស់បំផុត ដូចជាកម្មវិធីជាតិគាំពារសង្គមសម្រាប់ជួយដល់បងប្អូនដែលមានជីវភាពខ្វះខាត និងកម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចដល់គ្រួសារក្រីក្រថែមទៀត។ ទោះបីបងប្អូនមិនមានធនធានអ្វីសោះ ក៏អាចចាប់ផ្តើមជីវិតថ្មី លើទឹកដីកំណើតរបស់យើងបានដែរ រាជរដ្ឋាភិបាលនឹងមិនបោះបង់បងប្អូនខ្មែរយើងចោលឡើយ។
នៅប្រទេសកំណើតខ្លួនឯងមានភាពកក់ក្តៅជាងនៅស្រុកគេឆ្ងាយណាស់ ណាមួយគឺមិនចាំបាច់ត្រូវគេរើសអើង មើលងាយ ឬប្រមាថផង នៅប្រទេសកំណើតក៏មានឱកាសច្រើនដើម្បីកសាងជីវិត កសាងផ្ទះសម្បែង និងទ្រព្យជារបស់ខ្លួនបានជាក់លាក់ ជាជាងធ្វើជាពលករចំណាកស្រុកនៅប្រទេសមានជម្លោះនឹងគ្នា អាចមើលមិនឃើញច្បាស់ពីអនាគតឡើយ គឺរស់គ្រាន់កំដរជីវិតហើយផ្ញើខ្លួនលើទឹកដីគេ ដែលពិបាកនឹងធានាសុវត្ថិភាពខ្លាំងណាស់ប្រសិនបើផ្ទុះសង្គ្រាមកើតឡើងនោះ៕
អត្ថបទដោយ៖ មាន មេត្តា