ខេត្តកំពង់ស្ពឺ÷ បុរសម្នាក់ព្រោះតែការប្រើប្រាស់ថ្នាំញៀនលើសកម្រិត បានគំរាមកំហែងសម្លាប់សមាជិកនៅក្នុងគ្រួសារទាំងអស់។ បុរសខាងលើធ្លាប់ត្រូវបានយកទៅមណ្ឌលបន្សាបបីដងរួចមកហើយ ប៉ុន្តែនៅតែមិនរាងចោលនិងមិនព្រមកែខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង២០នាទី ជនបង្កឈ្មោះ ង៉ូវ អំរិត ភេទប្រុស អាយុ៣២ឆ្នាំ រស់ភូមិឃុំខាងលើ ជនរងគ្រោះត្រូវជាប្អូនឈ្មោះ ង៉ូវ សុភា ភេទ ស្រី អាយុ ៣១ឆ្នាំ ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ង៉ូវ សុភា ប្រាប់សមត្ថកិច្ចឱ្យដឹងថា កន្លងមកឈ្មោះ ង៉ូវ អំរិត (ត្រូវជាបងប្រុសបង្កើត) បានកាន់កាំបិត ហើយនិយាយគំរាមកំហែងសម្លាប់អ្នកផ្ទះទាំងអស់ ទាំងឪពុកទាំងម្តាយ និងបងប្អូនដែលរស់នៅផ្ទះជាមួយគ្នា និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលមាននៅក្នុងផ្ទះទាំងអស់ដូចជា តុ,ទូរ កៅអី,គ្រែ,ពូក,ចាន,ឆ្នាំង និងដុតបំផ្លាញខោអាវដែលនៅក្នុងផ្ទះទាំងអស់ ។
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង២០ ឈ្មោះ ង៉ូវ អំរិត បានធ្វើសកម្មភាពវាយកំទេចផ្ទះបាយនៅខាងក្រោយផ្ទះ និងព្យាយាមចង់សម្លាប់អ្នកនៅក្នុងផ្ទះចោលទាំងអស់ តែពួកគាត់នាំគ្នារត់គេចខ្លួនមកប្តឹងសមត្ថកិច្ចមូលដ្ឋានទាន់ពេលវេលា។
ចំពោះជនសង្ស័យខាងលើ ជាមនុស្សញៀនគ្រឿងញៀន លើសកម្រិត ដែលកន្លងទៅអាណាព្យាបាលធ្លាប់បានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន៣លេីកមកហេីយ ប៉ុន្តែនៅតែមិនរាងចាល ។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានឃាត់ខ្លួនកសាងសុំណុំរឿង បញ្ជូនទៅស្នងការស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕