ខេត្តត្បូងឃ្មុំ៖ កម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះធ្វើឡើងនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឬហៅថាX16។
សូមជម្រាបជូនថា ទីតាំងកោះថ្ម ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅរកការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ដើម្បីធ្វើការរំដោះជាតិកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យ ពោលគឺរបបប្រល័យពូជសាន៍ ប៉ុល ពត។
ប្រវត្តិរបស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងៗទៀត មិនអាចបំភ្លេចបាននោះឡើយ ខណៈការយកជីវិតទៅប្រថុយប្រថានជាមួយបរទេស (ស្នើសុំកម្លាំងវៀតណាម) ដើម្បីជួយ រំដោះប្រទេសជាតិឱ្យរួចផុតពីរបបដ៏សាហាវរបស់ខ្មែរក្រហម ហើយបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះ។
បើតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានឱ្យដឹងថា កាលពីជាង ៤០ឆ្នាំមុនសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន ៤រូបផ្សេងទៀត ដែលបានរៀបរាប់ខាងលើ បានចាប់ផ្ដើមធ្វើដំណើរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នស្ថិតនៅខេត្តត្បូងឃ្មុំ) ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ឱ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
តាមឯកសារបានបញ្ជាក់ឱ្យដឹងទៀតថា សមមិត្ត ហ៊ុន សែន និងសមមិត្តដទៃទៀត បានធ្វើដំណើរជាមួយនឹងកាំភ្លើង ៣ដើម គ្រាប់បែក២គ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការសម្រេចចិត្តរបស់សមមិត្តទាំងអស់នេះ គឺជាការចាកចេញដោយការឈឺចាប់ តែមានទឹកចិត្តមុះមុតដោយ សម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងនេះ។ «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» បានធ្វើឡើងជារៀងរាល់ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះផងដែរ៕
ដោយ៖តារា