រឿង ផ្តិលកេរជីវិត(ត)

ចែករំលែក៖

ការធ្វើដំណើរមិនអាចឈប់មកផងឡើយ។ យើងត្រូវឆ្លងពីភូមិមួយទៅភូមិមួយទៀតរហូតដល់ស្រុកក្រឡាញ់។ ដំបូងឡើយប្រធានក្រុមចល័តបានប្រាប់ខ្ញុំថាយើងត្រូវជម្លៀសមកភូមិត្រុំ។ ប៉ុន្តែដោយដោយហេតុថារថយន្តមួយជាន់មីនផ្ទុះខូចហើយរថយន្តពីរផ្សេងទៀតត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ថែមទាំងត្រូវការកម្លាំងក្មេងៗជួយចូកទម្លាក់ឲ្យបានច្រើនរហ័សដែរនោះ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ខុសពីគោលដៅចាស់ដើម្បីជាកម្លាំងជួយចូកទម្លាក់ខ្សាច់។ មេឃកាន់តែងងងឹតទៅហើយឡានដឹកខ្សាច់ទើបមកដល់ស្រុកក្រឡាញ់។ ខ្ញុំកាយដីខ្សាច់ទាំងយប់ងងឹតរហូតម៉ោងជិត១០ យប់ទើបអស់ខ្សាច់ពីឡានបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្តទៀត ប៉ុន្តែគេមិនឱ្យខ្ញុំទៅវិញទេ គឺគេទុកឲ្យខ្ញុំនិងមិត្តឯទៀតចូកខ្សាច់ទម្លាក់ឯស្រុកស្រលាញ់នេះ រយៈពេល ៥ យប់៥ថ្ងៃ។ ខ្ញុំប្រឹងប្រែងធ្វើការងារមិនដែលធ្វើប្រហែសឡើយ។ ខ្ញុំខំធ្វើយ៉ាងណាឲ្យតែរក្សាខ្លួន និងជីវិតបាន ទោះជាការងារធ្ងន់ឆ្លងកាត់រងារក៏ខ្ញុំមិនដែលត្អូញតែមួយម៉ាត់ឡើយ។ ខ្ញុំទ្រាំខំមាត់សង្កត់ចិត្តអត់ធ្មត់ក្រាញននៀលធ្វើរហូតទាំងយប់ទាំងថ្ងៃជានិច្ច។
* ជំរំជម្លៀស ÷
ប្រជាពលរដ្ឋដែលជម្លៀសដំបូងហើយបានមកស្នាក់អាស្រ័យនៅក្នុងស្រុកចុងកាល់នេះ គឺមានតែបីភូមិប៉ុណ្ណោះ ក្នុងនោះមានភូមិក្រសាំង ភូមិប្រាសាទ និងភូមិខ្នា។ ឥឡូវដំណើរការជម្លៀសនៅតែបន្តទៅភូមិត្រុំ ស្រុកស្រីស្នំ ខេត្តសៀមរាបទៀត។ ក្រុមគ្រួសាររបស់ខ្ញុំពេលធ្វើដំណើរតាមផ្លូវបានឃើញរថយន្តដែលខ្ញុំជិះខូចខាតដោយផ្ទុះមីន។ ពួកគាត់ពិតជារន្ធត់ណាស់។ គាត់ព្រួយបារម្ភពីខ្ញុំ ក្រែងមានគ្រោះភ័យទាំងឡាយកើតមានចំពោះរូបខ្ញុំ។ គ្រួសាររបស់ខ្ញុំនឹងគ្រួសារជម្លៀសទាំងអស់មករស់នៅក្នុងផ្ទះជាមួយអ្នកភូមិត្រុំ ទាំងអស់គ្នា។ ពេលនោះពួកខ្មែរក្រហមបានតម្រូវឲ្យគ្រួសារជម្លៀសចំនួន ១ គ្រួសារត្រូវស្នាក់នៅជាមួយគ្រួសារអ្នកភូមិត្រុំ ចំនួន ១ គ្រួសារដែរ។
ប្រជាជនទាំងអស់នៅក្នុងភូមិត្រុំត្រូវសហករណ៍កេណ្ឌយកធ្វើការច្រូតស្រូវនៅឆ្ងាយពីភូមិរហូតដល់ភូមិរំដេងហើយក្រុមចល័តត្រូវបានខ្មែរក្រហមយកទៅឲ្យបិទភ្លឺស្រែនៅតាមវាលស្រែ និងលើកទំនប់នៅត្រពាំងស្រែងនិងនៅអាងត្រពាំងថ្ម។ កន្លែងណាដូចកន្លែងណាដែរ គឺធ្វើការលំបាកលំបិនណាស់គ្មានអ្នកណាបានហូបឆ្ងាញ់នោះទេ។ ការហូបបាយគឺត្រូវហូបជាក្រុម ដោយវេចចានម្នាក់មួយជាប់ជានិច្ច។ បន្ទាប់ពីខ្ញុំទៅចូកខ្សាច់អស់ចំនួន ១៥ថ្ងៃនៅឯស្រុកក្រឡាញ់ យប់មួយខ្ញុំបានមកដល់ជំរុំជម្លៀសក្នុងភូមិត្រឹមវិញខ្ញុំនឹងមិត្តឯទៀត ត្រូវប្រធានសហករណ៍ជូនទៅរកផ្ទះម្ដងម្នាក់ៗព្រោះពួកខ្ញុំមិនដឹងថាគ្រួសាររបស់ខ្លួននៅទីណានោះទេ។
ក្នុងរាត្រីដ៏សែនស្ងាត់នៅក្នុងភូមិត្រុំ នារីចល័តទាំងអស់នាំគ្នាងូតទឹករួចហើយទើបបណ្ដើរគ្នាទៅយកបាយពីចុងភៅនៅឯចុងភូមិខាងត្បូង ដើម្បីយកមកស្រស់ស្រូបក្នុងពេលល្ងាច។ អាហារពេលល្ងាចរបស់ពួកខ្ញុំបានក្លាយជាអាហារពេលរាត្រីទើបតែរាល់ថ្ងៃ។ ខ្ញុំយកទៅខាត់ដែលឪពុករបស់ខ្ញុំឲ្យដើម្បីទុកប្រើប្រាស់ពេលមានការចាំបាច់នានា។ដូចជាយកទៅដាក់បាយនៅម្ហូបអាហារតាមការចាំបាច់។ ពេលនោះអាហាររបស់ក្រុមចល័តហូបតែពេលយប់ទេ ហើយពេលខ្លះមានតែដំឡូង ពេលខ្លះមានបាយតែគ្មានសម្ល និងពេលខ្លះទៀតមានតែបបរមានខ្លោចមានឆៅ។ទោះជាយ៉ាងនេះក្តីក៏ខ្ញុំមិនរអ៊ូដែរ។ខ្ញុំទ្រាំលេបឱ្យតែពេញពោះ
និងបានរស់បន្តទៅទៀតទេ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែឃើញមានការរៀបចំផែនការគ្រប់គ្រងមនុស្សនៅក្នុងការធ្វើការងាររបស់ក្រុមនៅភូមិត្រុំ មានសភាពប្លែកៗគ្នា។ ខ្ញុំសង្កេតឃើញខ្មែរក្រហមបែងចែកជាបួនផ្នែក គឺក្រុមកុមារ ក្រុមយុវជន ក្រុមមនុស្សវ័យកណ្តាល និងមនុស្សចាស់ជរា។ ក្រុមកុមារត្រូវអង្គការឲ្យរើសអាចម៍គេដើម្បីយកទៅធ្វើជី។ ក្រុមយុវជនត្រូវអង្គការចាត់ជាក្រុមចល័តដើម្បីឲ្យលើកភ្លឺស្រែនឬច្រូតស្រូវ ក្រុមវ័យកណ្ដាលត្រូវអង្គការឲ្យទៅដឹកនាំផង និងធ្វើការផងតាមក្រុមនីមួយៗ។ រីឯក្រុមមនុស្សចាស់វិញអង្គការឲ្យនៅចាំផ្ទះមើលកូនចៅរបស់ក្រុមការងារដែលទៅធ្វើការនៅខាងក្រៅផ្ទះ។ ចាស់ម្នាក់ៗទទួលរ៉ាប់រងមើលក្មេងតូចៗចន្លោះពីបីទៅ ៥ នាក់។ ចំណែកអាហារសម្រាប់ហូបចុកប្រចាំថ្ងៃវិញ គ្រប់ក្រុមទាំងអស់មិនត្រូវឱ្យនរណាម្នាក់ដាំបាយឬស្លខ្លួនឯងនេះទេ។ អង្គការមានចុងភៅម្នាក់សម្រាប់គ្រប់គ្រងលើការងារនេះ។ នៅពេលដល់ម៉ោងបាយព្រឹក បាយថ្ងៃត្រង់ និងពេលល្ងាចខ្ញុំឮសំឡេងមេឃជួងផ្ដល់ជាសញ្ញាទៅក្រុមការងារទាំងអស់ទៅតម្រង់ជួរគ្នាទទួលយកម្ហូបអាហារមកបរិភោគ។
ខ្ញុំពុំដែលមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ក្នុងនាមជាក្មេងស្រីម្នាក់ដែលគ្មានបទពិសោធន៍ធ្វើការងារទាំងអស់នោះ ខ្ញុំពិតជាមានការលំបាកខ្លាំងណាស់នូវអ្វីដែលខ្ញុំទទួលបានពីការដាក់ការងារឲ្យធ្វើប្រចាំថ្ងៃពីប្រធានកង។ ការងារទាំងអស់មានទំហំធំហួសពីកម្លាំងកាយ និងសមត្ថភាពរបស់ខ្ញុំ។ ប៉ុន្តែដើម្បីរក្សាជីវិតឲ្យរស់នៅបានកិច្ចការធ្ងន់ស្រាលទាំងប៉ុន្មានក្លាយជាការងារធម្មតា ហើយខ្ញុំត្រូវតែតាំងចិត្តធ្វើឱ្យបានទាំងអស់។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print