នាថ្ងៃសៅរ៍នេះ ! រដ្ឋលបាលរាជធានីភ្នំពេញនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវថ្មើរជើងចតុមុខ» ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋលបាលរាជធានីបានឲ្យដឹងថា «ផ្លូវថ្មើរជើងចតុមុខ» នឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ជាក់ស្តែង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street» ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំង និងមន្ទីរពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងជោគជ័យ។

សូមបញ្ជាក់ថា ពិធីបើកសម្ពោធជាផ្លូវការនូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើងជា «ផ្លូវថ្មើរជើងចតុមុខ Chaktomuk Walk Street» នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ផ្លូវថ្មើរជើង ដែលទើបមានជាលើកដំបូងនៅរាជធានីភ្នំពេញ ជាការផ្តួចផ្តើមរបស់ អភិបាលរាជធានីភ្នំពេញ ក្រោមចក្ខុវិស័យ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់វិសាលភាព នៃកន្លែងដើរលេងកំសាន្តឱ្យកាន់តែច្រើន កន្លែងសំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកំសាន្ត នាចុងសប្តាហ៍ ។

ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ , ការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ពិសេសមានការសម្ដែងល្ខោនបាសាក់របស់មន្ទីរវប្បធម៌រាជធានីភ្នំពេញ, មានរៀបចំ តូប-ស្តង់លក់ អាហារជាច្រើនកន្លែង។
លោក ឃួង ស្រេង បានឱ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ក្រោយពីបានបើកឱ្យដំណើរការ ជាបណ្តោះអាសន្ន ជាង៥ខែនេះ បានទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។

លោក ឃួង ស្រេង ក៏បានរំលឹកទៀតថា ពិធីសម្ពោធជាផ្លូវការ «ផ្លូវថ្មើរជើងចតុមុខ» នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ ១០០ភាគរយ ទាំងថ្នាក់ដឹកនាំកំពូលៗ និងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង ហើយត្រូវដាក់កងកំលាំង ដើរល្បាតជាប្រចាំ។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា នៅក្នុងពិធីសម្ភោធ នៅលើផ្លូវថ្មើរជើងនេះ ត្រូវបានបិទចរាចរការធ្វើដំណើរឆ្លងកាត់ ដោយរថយន្ត និងម៉ូតូតាំងពីវេលាម៉ោង២៖៣០នាទី រសៀលតទៅ តែសម្រាប់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះ អាចបន្តធ្វើដំណើរជាបន្តបន្ទាប់បាន ដូចជា រៀងរាល់សប្ដាហ៍កន្លងទៅដដែល តែយើងមានកន្លែងត្រួតពិនិត្យ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើងចតុមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ១១យប់ មុនពេលត្រូវសម្ពោធ ក្នុងពេលនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print