ទីក្រុងបាងកក ៖ រដ្ឋមន្រ្តីការពារជាតិថៃ លោក Phumtham Wechayachai ទំនងជាត្រូវបានតែងតាំងបន្ថែមឲ្យកាន់ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំនួសប្រធានគណបក្សភូមិចៃថៃ ដែលបានដើរចេញពីរដ្ឋាភិបាលរបស់លោកស្រី ផែងថង ថាន។
ដោយឡែករដ្ឋមន្រ្តីសេដ្ឋកិច្ច និងសង្គមឌីជីថល លោក Prasert ទំនងត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការងារបន្ថែម។
សូមបញ្ជាក់ថា ៖ យោធភូមិភាគ២ នៃកងទ័ពថៃ នៅថ្ងៃទី ២១ មិថុនា បានចេញលិខិតជូនដំណឹងពីបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ជាការតបវិញ កម្ពុជាសម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញ និង បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។
ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃ បានប្រើប្រាស់វិធានការបិទច្រកព្រំដែន និង កែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ សម្រាប់កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ មិថុនានេះ៕
ដោយ ៖ សិលា