ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសង្គកិច្ច អតីត យុទជន និងយុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៨ ទិវាអតីតយុទ្ឋជនកម្ពុជា ២១ មិថុនា ២០០៧-២១ មិថុនា ២០២៥ ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ដោយមានការចូលរួមពីលោកស្នងការ មេបញ្ជាការគ្រប់កងឯកភាព លោកប្រធានមន្ទីរអង្គភាព លោកអភិបាលក្រុង ស្រុក ស្នងការរង អធិការនគរបាលក្រុង ស្រុក និងបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន២០០ នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានរំឭកអំពីគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន យុទ្ធ នារី ដែលបានពលីដើម្បីបុព្វហេតុជាតិមាតុភូមិបន្សល់ទុកនូវស្នាដៃយ៉ាងត្រចះត្រចង់ ជាពិសេស នាំនូវសន្តិភាពជូនប្រទេសកម្ពុជា ពោលបងប្អូនអតីតយុទ្ធជនបានលះបង់ កម្លាំងកាយចិត្ត សាច់ស្រស់ ឈាម ស្រស់ តស៊ូដើម្បីការពារប្រទេសជាតិ ពីពួកឈ្លានពាន ខ្លះបានពលីជីវិត ខ្លះធ្លាក់ខ្លួនពិការ ទាំងអស់នេះ គឺជាការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃ បានបើគ្មានការចូលរួមពីអតីតយុទ្ធជន យុទ្ធ នារី ទេ ពិតណាស់ប្រទេសជាតិយេីងក៏មិនមានដល់ការអភិវឌ្ឍដូចយេីងបានឃេីញសព្វថ្ងៃនេះដែរ។
ជាការតបស្នងសងគុណ នូវគុណបំណាច់នេះ លោកអភិបាល ខេត្ត អំពាវនាវ ដល់គ្រប់អ្នកពាក់ព័ន្ធ សប្បុរសជន បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការចូលរួមឧបត្ថម្ភលើកទឹកចិត្ត ផ្តល់នូវភាពកក់ក្តៅ ចូលរួមលើកកម្ពស់ជីវភាពពួយគាត់ឱ្យកាន់តែល្អប្រសេីរឡេីង។ ឯកឧត្ដម ក៏បានថ្លែងអំណរគុណចំពោះមន្ទីរ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់ បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពនិងសុខុមាលភាពរបស់បងប្អូនពួកគាត់។
យោងតាមរបាយការណ៍របស់មន្ទីរសង្គកិច្ច អតីត យុទជន និងយុវនីតិសម្បទារខេត្តបន្ទាយមានជ័យ សមាគមអតីតយុទ្ធជនកំពុងគ្រប់គ្រងសមាជិកសមាគមអតីតយុទ្ធជន គិតត្រឹមខែមិថុនា ឆ្នាំ២០២៥ សមាជិកអតីតយុទ្ធជនកំពុងគ្រប់គ្រងមានចំនួន ៥,៥២៧នាក់ ក្នុងនោះមាន គ្រួសារជនពលី ចំនួន ៧២៨ គ្រួសារ, គ្រួសារជនមរណៈ ចំនួន ១៣៦ គ្រួសារ, និវត្តជនយោធិន ចំនួន ២ ៤៨៦ នាក់, ជនបាត់បង់ចំនួន ៣៩ នាក់, ជនពិការ ចំនួន ២ ១៣៨ នាក់។ ក្នុងនោះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន សរុបបានចំនួន ៤២៤ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសរៀបចំទិវាទិវាអតីតយុទ្ឋជនកម្ពុជាលើកទី១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក៏បានឧបត្ថម្ភជូនដល់ បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំង២០០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ ២៥ គីឡូក្រាម មីជាតិ១កេស ទឹកត្រី១យួរ ទឹកសុីអុី១យួរ រួមនឹងនិងថវិកា៥ម៉ឺនរៀល៕
ប្រភព៖ រដ្ឋាបាលខេត្តបន្ទាយមានជ័យ