ខេត្តស្វាយរៀង ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ដើមដូងក្រុងបាវិត។
យោងតាមកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០៥នេះថា កាលពីវេលាម៉ោង០១ និង២០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥
ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រត្តិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ដើមដូងជាន់ទី៣ បន្ទប់លេខ២៣ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថាដោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់
មានឈ្មោះហ័ង វាំងថាន់ (HOANG VAN THANG) ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ថៃអាង១ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ទី២មាន ឈ្មោះ ង្វៀង ចុងឌិន (NGUYEN TRONG DINH ) ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅកាស៊ីណូកាឡាក់ស៊ី បន្ទប់លេខ913 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
និងទី៣ឈ្មោះ ង្វៀង វាំងជឿង (NGUYEN VAN TRUONG) ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះសំណាក់ថៃអាង១ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមានក្រាមម៉ត់ពណ៌ស ចំនួន០៣ កញ្ចប់មានទម្ងន់១២៩.២០ ក្រាម (គិតទាំងសំបកវេចខ្ចប់)កេតាមីនថ្នាំគ្រាប់ពណ៌ក្រហម ចំនួន០៤ កញ្ចប់ មានចំនួន៨០៨ គ្រាប់មានទម្ងន់៨៩.៧០ក្រាម (គិតទាំងសំបកវេចខ្ចប់) មេតំហ្វេតាមីន។ថ្នាំកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន០១ កញ្ចប់ មានទម្ងន់ ៥.៦០ក្រាម(គិតទាំងសំបកវេចខ្ចប់)អិចស្ត្រាស៉ីទូរស័ព្ទដៃចំនួន០៤ គ្រឿងលិខិតឆ្លងដែនចំនួន ០១ ក្បាលអត្តសញ្ញាណប័ណ្ណ ចំនួន០២ សន្លឹក។
បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕