អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នាខេត្ត សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥

ចែករំលែក៖

Recommendations of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia and the Honorary President of Union of Youth Federations of Cambodia (UYFC), at the Closing of the Central Committee Meeting of UYFC

Siem Reap Province, 23 June 2025

ខេត្តសៀមរាប ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ៖

១. ដើម្បីធានានូវភាពរឹងមាំ នៃរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់, យើង ត្រូវបន្តយកចិត្តទុកដាក់ធ្វើ ទំនើបកម្មស្ថាប័ន ឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប, ដោយផ្អែកលើស្មារតីលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង និង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ក្នុងកិច្ចការគ្រប់គ្រងរដ្ឋបាល និង យកចិត្តទុកដាក់លើកកម្ពស់ការអប់រំ ការតម្រង់ទិស និង ការបំពាក់បំប៉នស្មារតី, គោលជំហរ, សតិអារម្មណ៍ និង មាគ៌ាដឹកនាំនយោបាយ, ការបណ្តុះសមត្ថភាពជំនាញ និង សមត្ថភាព ត្រិះរិះពិចារណា, និងការបន្តកសាងពង្រឹង, អត្តចរិត មនសិការ, ចរិយាមារយាទ, តម្លៃសីលធម៌ និង ស្មារតីទទួលខុសត្រូវ ក្នុងជួរថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ពីថ្នាក់កណ្តាលដល់ ថ្នាក់មូលដ្ឋាន ។

២. ដើម្បីឱ្យមហាគ្រួសារ ស.ស.យ.ក. រក្សាបាននូវភាពខ្លាំង ក្នុងតួនាទីជាអង្គការមហាជន, ប្រមូលផ្តុំ, កម្លាំងពិត, កម្លាំងស្នូល និង កម្លាំងបន្តវេន ដែលទាក់ទាញបាននូវសមានចិត្តគាំទ្រពីគ្រប់មជ្ឈដ្ឋាន, យើងត្រូវបន្តយកចិត្តទុកដាក់៖

ក. ផ្តល់នូវគំរូល្អនៃភាពជាអ្នកដឹកនាំ ប្រកបដោយគុណធម៌ ផ្អែកលើ ពុទ្ធិ ដែលមានសមត្ថភាព ចាត់ចែងការងារបានល្អ, ត្រូវតាមស្ថានភាពនីមួយៗ និង មានការយល់ដឹងអំពីសមត្ថភាព, លទ្ធភាព និង សុខទុក្ខរបស់សមាជិក សមាជិកា

ខ. ផ្តល់នូវភាពកក់ក្តៅ និង ជំនឿជឿជាក់ ក្នុងបរិយាកាសគ្មានវិវាទក្រោមស្មារតី សាមគ្គីភាព, មិត្តភាព, ភាតរភាព, ឯកភាពផ្ទៃក្នុង និង កិច្ចសហការល្អ ប្រកបដោយមនសិការស្នេហា សមូហភាពដ៏ជ្រាលជ្រៅ និង ការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក;

គ. បង្កលក្ខណៈឱ្យយុវជនមានឱកាសបញ្ចេញស្នាដៃតាមសមត្ថភាព, លទ្ធភាព,ជំនាញ និង ទេពកោសល្យ ដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីសច្ចធម៌ប្រវត្តិសាស្ត្រ, ឧត្តមគតិ និងមនសិការស្នេហាជាតិមាតុភូមិ, តម្លៃវប្បធម៌, ទំនៀមទម្លាប់, ប្រពៃណី, ជំនឿសាសនា, សិល្បៈ ក្នុងលក្ខណៈជាការជំរុញ និង ការលើកទឹកចិត្ត ឱ្យរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ។

៣.ដើម្បីធានាបាននូវនិរន្តរភាពនៃ ការដឹកនាំ និង ឥទ្ធិពលអចិន្ត្រៃយ៍ ក្នុងសង្គមជាតិ, យើងត្រូវ បន្តប្រកាន់ខ្ជាប់នូវ “ស្មារតី ២ ធ្នូ”, ឧត្តមគតិស្នេហាជាតិមាតុភូមិ, និង ជំហរការពារឱ្យបាននូវ សុខសន្តិភាព និង ស្ថិរភាពនយោបាយ ដោយត្រូវបន្តចូលរួមថែរក្សា និង លើកកម្ពស់តម្លៃ វប្បធម៌ចែករំលែក វប្បធម៌នៃការដឹកនាំដោយនិរន្តរភាព វប្បធម៌សន្ទនា និង វប្បធម៌សន្តិភាព ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ, បុគ្គលទទួលខុសត្រូវ”, គោលការណ៍ សនិទានភាព និងគោលការណ៍ស្ម័គ្រចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសសកម្មរបស់ខ្លួន ក្នុងបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ កសាង និងអភិវឌ្ឍមាតុភូមិ និងឧត្តមប្រយោជន៍ របស់ប្រជាជនកម្ពុជាគ្រប់រូប និង គ្រប់ជំនាន់ ។

៤. ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការដឹកនាំកម្លាំងយុវជនចូលរួមក្នុងដំណើរការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមផែនការយុទ្ធសាស្រ្តយុវជន ក្នុងបុព្វហេតុ ជាតិមាតុភូមិ ឆ្នាំ ២០២៣ – ២០២៨ និង ទស្សនាទាន UYFC ២.០, ស.ស.យ.ក ត្រូវបន្ត យកចិត្តទុកដាក់លើ៖

ក. បន្តបញ្ជាបការយល់ដឹងជាសាធារណៈអំពីបេសកកម្ម, ចក្ខុវិស័យ និង តួនាទីរបស់ខ្លួន ឱ្យ បានទូលំទូលាយ គ្រប់ទិសទី និង តាមគ្រប់មធ្យោបាយ ជាពិសេសតាមរយៈតួនាទី “សមាជិក ម្នាក់ជាឃោសនិកម្នាក់”;

ខ.បន្តជំរុញលើកទឹកចិត្តយុវជនស្ម័គ្រចិត្ត ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងកម្មវិធី និង ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យអប់រំ, យុវជន, កីឡា, សិល្បៈ, វប្បធម៌, មនុស្សធម៌, សង្គមកិច្ច, សេដ្ឋកិច្ច និង បរិស្ថាន នៅតាមមូលដ្ឋាន;

គ. បន្តបណ្តុះគំនិតលើកតម្កើងមោទនភាពជាតិ អត្តសញ្ញាណជាតិ តម្លៃសន្តិភាព មនសិការ ស្នេហាជាតិ, ស្មារតីភ្ញាក់រលឹក និង ឆន្ទៈការពារអធិបតេយ្យ ដើម្បីភាពរុងរឿងនៃអនាគតកម្ពុជា យូរអង្វែង; និង

ឃ. បន្តអភិវឌ្ឍសមត្ថភាពយុវជន ដោយយកចិត្តទុកដាក់លើ ការពង្រឹងគុណភាពនៃការអប់រំ និង ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ការថែទាំសុខភាព និង សុខុមាលភាពប្រជាជន, និង ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ប្រព័ន្ធសន្តិសុខស្បៀង និង តម្លៃនៃភាពជាពលរដ្ឋល្អ ដើម្បីជំរុញឱ្យយុវជនក្លាយជាធនធានមនុស្ស ប្រកបដោយថាមពល និង សក្តានុពល នៅក្នុង យុគសម័យឌីជីថល ។

៥. ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យទៅជារដ្ឋទំនើប, ស.ស.យ.ក. ត្រូវបន្តយកចិត្តទុកដាក់៖

ក.

បន្តពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយជាមួយ ក្រសួងស្ថាប័ន នីតិបុគ្គល រដ្ឋបាល ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សមាគម និង សហគមន៍នានា ក្នុងដំណើរឆ្ពោះទៅ ការកសាង និង ការអភិវឌ្ឍសង្គមជាតិ និង មាតុភូមិកម្ពុជា ឱ្យទៅជារដ្ឋទំនើប ផ្អែកលើ ចំណេះដឹង បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ; និង

ខ. បន្តសម្របសម្រួល និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងសប្បុរសជន នានាដែលសមានចិត្តគាំទ្រ និង ចូលរួមសហការជាមួយមហាគ្រួសារ ស.ស.យ.ក. ក្នុងការ រៀបចំផែនការសកម្មភាព, ព្រឹត្តិការណ៍ និង កម្មវិធីនានា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិ

លើគ្រប់វិស័យ ជាពិសេស ការកសាងភាពរឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានគ្រឹះ នៃភាពជាម្ចាស់លើជោគវាសនាអនាគតកម្ពុជា ។ ក្នុងន័យនេះ សម្តេចបវរធិបតី គាំទ្រនូវការ រៀបចំកម្មវិធី “សាទរកម្ពុជា ឆ្នាំ២០២៥” បន្ទាប់ពីយើងបានធ្វើដោយជោគជ័យនៅឆ្នាំ២០២៤ កន្លងទៅនេះ។

៦. ដើម្បីចូលរួមក្នុងការធានា ការថែរក្សា និងការការពារនូវ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សុខសន្តិភាព វឌ្ឍនភាពសង្គម ក៏ដូចជាតួនាទី និង កិត្យានុភាពកម្ពុជាក្នុងតំបន់ និង អន្តរជាតិ, ស.ស.យ.ក. ត្រូវបន្តយកចិត្តទុកដាក់៖

ក. បន្តស្វែងយល់អំពី គោលនយោបាយការបរទេស, ការវិវឌ្ឍសភាពការណ៍ក្រោមឥទ្ធិពល និន្នាការពហុប៉ូល និង បញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយ ដើម្បីយើងមានមូលដ្ឋាន ត្រិះរិះពិចារណា វិភាគ វាយតម្លៃ និង កំណត់ផ្លូវត្រូវដើរ ក្នុងបរិបទនៃការប្រែប្រួលឥតទៀងទាត់ របស់ពិភពលោក;

ខ. បន្តចូលរួមគាំទ្រការងារពង្រឹងទំនាក់ទំនងអន្តរជាតិ តាមរយៈការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការកសាងទំនាក់ទំនងល្អ ជាមួយអង្គការយុវជន នៃបណ្តា ប្រទេសជាមិត្ត ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និង ផលប្រយោជន៍គ្នាទៅវិញទៅមក សំដៅពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្របតាមអភិក្រម “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងបេ ក្នុងស្មារតីឯករាជ្យ” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print