សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន

ចែករំលែក៖

ខេត្តសៀមរាប ៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

នាយឧត្តមសេនីយ៍ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចបវរធិបតី ដែល បានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ នាឱកាសនេះ។
នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍បានគោរពជម្រាបជូន សម្តេចបវរធិបតី ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូមក កាន់កម្ពុជានាឱកាសនេះ គឺដើម្បីបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធាន មនុស្សដល់កងទ័ពជើងគោកកម្ពុជា។

សម្តេចបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និង គណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសមកកាន់ទឹកដីអង្គរ ដែលជាផែនដីអាណាចក្រ ដ៏រុងរឿងមួយរបស់កម្ពុជា។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបាន រួមចំណែកដល់ដំណើរការអភិវឌ្ឍកម្ពុជា ដែលក្នុងនោះ រួមទាំងការថែរក្សាបេតិកភណ្ឌ និងប្រាង្គប្រាសាទនៅកម្ពុជា ហើយជប៉ុនក៏ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានអង្គរ (ICC-Angkor) ផងដែរ។ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និងជប៉ុន ព្រមទាំងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតី បានថ្លែងអំណរគុណដល់កងស្វ័យ ការពារជើងគោកជប៉ុន ដែលបានផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោកកម្ពុជា។ ទន្ទឹមនឹងនេះ, សម្តេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធ ជំនាញ និងការបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជាគឺជាកិច្ចការសំខាន់ ជាពិសេស ក្នុងការអភិវឌ្ឍ សមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថាជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធខ្ពស់។ តាមរយៈ កិច្ចសហប្រតិបត្តិការនេះ កងទ័ពជើងគោកនៃប្រទេសទាំងពីរនឹងអាចបន្តផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់ពីគ្នា ទៅវិញទៅមក ព្រមទាំងអាចរួមសហការគ្នានៅក្នុងកិច្ចការមនុស្សធម៌ ជាដើម។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ ពិនិត្យ លទ្ធភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួម សម្រាប់ការសង្គ្រោះគ្រោះ មហន្តរាយ និងការបោសសម្អាតមីន ជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print