ប្រទេសថៃ៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ មានដូចជា៖ ទូរទស្សន៍ JTBC, YTN, Channel A និង SBS បានចុះផ្សាយកាលពីថ្ងៃទី២២ ខែមិថុនាថ្មីៗនេះថា៖ អាជ្ញាធរថៃបានធ្វើការចាប់ឃាត់ខ្លួនជនជាតិកូរ៉េចំនួន ២១នាក់ នៅទីក្រុង Pattaya ប្រទេសថៃ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៥ ដោយសង្ស័យថាពួកគេបានចូលរួមក្នុងក្រុមបោកប្រាស់តាមទូរស័ព្ទ (call center scam) ខ្នាតធំ ដែលបានបង្កការខូចខាតដល់ជនរងគ្រោះជនជាតិកូរ៉េជាច្រើននាក់។ ក្នុងប្រតិបត្តិការនេះ ក៏មានការរកឃើញករណីចាប់ជំរិតផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ក្នុងនោះរួមមាន៖ JTBC, YTN, Channel A និង SBS បានចុះផ្សាយថា៖ នគរបាលថៃបានបង្ក្រាបវីឡាប្រណិតមួយកន្លែងនៅទីក្រុង Pattaya បន្ទាប់ពីទទួលបានព័ត៌មាន។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនរួមមានជនជាតិកូរ៉េ ២១នាក់ និងជនជាតិចិនម្នាក់។
ក្រុមនេះត្រូវបានគេសង្ស័យថាបានប្រតិបត្តិការបោកប្រាស់ជាច្រើនប្រភេទ រួមមាន “ការបោកប្រាស់ស្នេហា” (romance scam) និងការបោកប្រាស់ទាក់ទងនឹងការវិនិយោគ ឬប្រាក់កម្ចី ដែលសុទ្ធសឹងតែបានកំណត់គោលដៅលើជនជាតិកូរ៉េដូចគ្នា។ ភស្តុតាងជាច្រើនត្រូវបានរឹបអូសនៅកន្លែងកើតហេតុ រួមមានកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងក្តារខៀនមួយដែលមានសរសេរជាភាសាកូរ៉េនូវ “គោលការណ៍ណែនាំ” លម្អិតសម្រាប់ការបោកប្រាស់។
ករណីនេះបានលេចចេញឡើងបន្ទាប់ពីឪពុករបស់ជនជាតិកូរ៉េម្នាក់បានធ្វើរបាយការណ៍ទៅប៉ូលីស ដោយអះអាងថាកូនប្រុសរបស់គាត់ត្រូវបានចាប់ជំរិត។ នៅពេលដែលនគរបាលទៅដល់កន្លែងកើតហេតុ ពួកគេបានរកឃើញកូនប្រុសនោះកំពុងធ្វើការជាមួយសមាជិកក្រុមដទៃទៀត។ អាជ្ញាធរកំពុងស៊ើបអង្កេតថាតើបុគ្គលនេះពិតជាត្រូវបានចាប់ជំរិត និងបង្ខំឱ្យចូលរួមក្នុងសកម្មភាពឧក្រិដ្ឋទាំងនេះដែរឬទេ៕ដោយ៖តារា
ប្រភពពី៖ ទូរទស្សន៍ JTBC