ខេត្តព្រះសីហនុ÷ សមត្ថកិច្ចឲ្យដឹងថា ស្រ្តីម្នាក់អាយុ៥៥ ឆ្នាំដែលបាត់ខ្លួនតាមទឹកហូររយៈពេល៣ថ្ងៃកន្លងមក ពីការបាក់ផ្លូវចេញ ចូលក្បាលឆាយ បច្ចុប្បន្នរកសាកសពឃើញហើយនៅព្រឹកថ្ងៃ២៤ ខែ មិថុនា ឆ្នាំ២០២៥នេះ។
ស្ត្រីរងគ្រោះឈ្មោះ ទ្រី ផល្លី ជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង នៅតំបន់អូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានប្ដីឈ្មោះ ហៀង ហុី អាយុ ៥៤ឆ្នាំ មានកូន៣នាក់ ស្រីពីរ ប្រុសមួយ មានទីលំនៅបច្ចុប្បន្ន នៅភូមិដូនម៉ៅ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
សមត្ថកិច្ចនិងក្រុមគ្រួសារសន្និដ្ឋានថា គ្រោះថ្នាក់នេះទំនងជាកើតឡើងពេលស្ត្រីរងគ្រោះចេញពីធ្វើការត្រឡប់មកផ្ទះវិញ បើកម៉ូតូឆ្លងកាត់ចំពេលបាក់ផ្លូវ។
គួរបញ្ជាក់ថា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ នៅព្រឹកថ្ងៃទី២៣ មិថុនា បានអះអាងថា ស្ត្រីម្នាក់បានបាត់ខ្លួនពិតប្រាកដមែន បន្ទាប់ប្តីគាត់មកអះអាងបានប្រទះឃើញម៉ូតូរបស់ស្ត្រីរងគ្រោះ ។
យោងតាមសមត្ថកិច្ចឲ្យដឹងថា ជំនន់ទឹកភ្លៀងបានផ្តាច់ផ្លូវចូលទៅរមណីយដ្ឋានទឹកធ្លាក់ក្បាល ឆាយ ក្នុងនោះ មានម៉ូតូ១គ្រឿង និងស្ត្រីម្នាក់បានបាត់ខ្លួនហូរតាមទឹក មកទល់នឹងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមត្ថកិច្ចរកឃើញតែម៉ូតូ ប៉ុន្តែស្ត្រីម្នាក់ដែលបាត់ខ្លួនតាមទឹកហូរនោះទើបតែរកឃើញនៅព្រឹកមិញនេះ។
មន្ត្រីនគរបាលមូលដ្ឋាន ដកស្រង់សម្តីបុរសជាប្តីថា ប្រពន្ធដែលបាត់ខ្លួនមានឈ្មោះ ទ្រី ផល្លី បានជិះម៉ូតូ ម៉ាក SUZUKI SMASH គ្មានផ្លាកលេខ ធ្វើការជាចុងភៅនៅភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅអូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ និងថាគ្រោះថ្នាក់នេះ ទំនងជាកើតឡើងពេលស្ត្រីរងគ្រោះចេញពីធ្វើការត្រឡប់មកផ្ទះវិញ បើកម៉ូតូឆ្លងកាត់ចំពេលបាក់ផ្លូវ ។ ប៉ុន្តែពេលនោះ គាត់ពុំបានចាប់អារម្មណ៍និងនឹកស្មានថាប្រពន្ធរបស់គាត់ស្នាក់នៅផ្ទះមិត្តភក្តិបងប្អូន ហើយទូរស័ព្ទមិនចូលដោយសារអស់ថ្ម ។
ហេតុការណ៍បាក់ដាច់ផ្លូវចូលទៅរមណីយដ្ឋានក្បាល ឆាយនេះ មានបណ្តោយផ្លូវប្រវែងជាង២០ម៉ែត្រ កើត ឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕